ពិតណាស់ មហាជនបានជ្រាបមកហើយពីកេរ្តិ៍ឈ្មោះតារាចម្រៀងរ៉េប វណ្ណដា ដែលមិនត្រឹមតែមានឈ្មោះល្បីសុសសាយនៅក្នុងប្រទេសកម្ពុជានោះទេ លោកក៏ទទួលបានប្រជាប្រិយភាពខ្លាំងនៅក្រៅប្រទេសផងដែរ។

តារាចម្រៀងរ៉េបប្រចាំផលិតកម្មបារមីរូបនេះ ក៏ពាំនាំឈ្មោះកម្ពុជាឡើងទៅលើឆាកអន្តរជាតិជាច្រើន ដោយឆាកធំបំផុតចុងក្រោយនោះ គឺកម្មវិធីកីឡាអូឡាំពិក ២០២៤ នៅទីក្រុងប៉ារីស។ លើសពីនោះ នៅក្នុងឆ្នាំ ២០២៥ នេះ វណ្ណដា ក៏នឹងត្រៀមបង្ហាញវត្តមានលើឆាកប្រគំតន្ត្រីនៅឯសហរដ្ឋអាមេរិកជាថ្មីម្តងទៀតផងដែរ។

ងាកទៅកាន់ការផលិតចម្រៀងវិញ វណ្ណដា មិនត្រឹមតែបានសហការណ៍នឹងតារាចម្រៀងរ៉េបក្នុងស្រុកទេ លោកក៏ធ្លាប់បានច្រៀងចម្រៀងរួមគ្នានឹងតារាចម្រៀងរ៉េបបរទេសជាច្រើន រួមមានតារារ៉េបនៅក្នុងប្រទេសថៃ ប្រទេសជប៉ុន ប្រទេសកូរ៉េ ប្រទេសឥណ្ឌា ប្រទេសចិន ប្រទេសឡាវ និង ប្រទេសវៀតណាម។ លើសពីនោះ មានបទចម្រៀងលោកខ្លះ ក៏បានថតនៅក្នុង Studio ដែលមានកំពូលតារាចម្រៀងរ៉េបល្បីៗថតដែរ ដូចជា Kendrick Lamar ជាដើម។

យ៉ាងណាមិញ ទើបតែបញ្ចប់ការប្រគំតន្ត្រី «ត្រីវិស័យ សុវណ្ណភូមិ» ក្តៅៗ ស្រាប់តែនៅថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២៥ នេះ វណ្ណដា បានធ្វើឱ្យអ្នកគាំទ្រទាំងជាតិ និង អន្តរជាតិស្រែកវ៉ាវ ខណៈលោកទទួលបានសារពី Main Producer របស់តារាចម្រៀងរ៉េបអាមេរិក 21 Savage គឺផលិតករ Swing The Sword។

ក្នុងនោះដែរ លោក Swing The Sword បានបង្ហាញការពេញចិត្តនៃតន្ត្រីរបស់ វណ្ណដា និង បានបង្ហាញស្នាដៃផលិតចម្រៀងរបស់ខ្លួន ហាក់ចង់បញ្ជាក់ពីការចង់សហការណ៍នឹងតារាចម្រៀងរ៉េបកម្ពុជា វណ្ណដា ទៀតផង។ យ៉ាងណាក៏ដោយ វណ្ណដា ក៏បានបង្ហាញអារម្មណ៍រីករាយ ដោយបញ្ជាក់ថា លោក Swing The Sword ក៏ជាផលិតករដែលលោកចូលចិត្តដូចគ្នា។

គួរជម្រាបថា លោក Swing The Sword គឺជាផលិតករផ្នែក Hip Hop លំដាប់ពិភពលោក ដែលជា Main Producer របស់តារាចម្រៀងរ៉េប 21 Savage ម្ចាស់បទ «Alot», «Redrum», «Ricflair Drip» និង «Bank Account» ព្រមទាំងចម្រៀងជាច្រើនទៀត៕



 
