ថ្មីៗនេះ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមច្បាស់ជាបានជ្រាបហើយ នូវរឿងរ៉ាវរំជួលចិត្តរវាងហ្មដំរី ៣ ទសវត្សលោក ទ្រី ស៊ីថេង និង ដំរីឆ្លាតវៃ Lucky ដែលត្រូវព្រាត់គ្នាទាំងមិនដាច់អាល័យ បន្ទាប់ពីលោក ទ្រី ស៊ីថេង ដែលជាអ្នកមើលថែដំរី Lucky ជាង ២០ ឆ្នាំ ត្រូវបានសម្រេចចិត្តលាឈប់ការងារពីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ នៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៥ ថ្មីៗនេះ។

អ្វីដែលកាន់តែរំជួលចិត្តទៀតនោះ កាលពីពេលកន្លងទៅ លោក ទ្រី ស៊ីថេង ដែលជាអ្នកមើលថែដំរី lucky តាំងពីតូច បានបញ្ជាក់ថា នៅថ្ងៃទី ២៣ ខែកក្កដា រៀងរាល់ឆ្នាំ គឺជាថ្ងៃខួបកំណើតរបស់ដំរី lucky ដែលលោកតែងតែធ្វើជូននាងជារៀងរាល់ឆ្នាំ តែឆ្នាំនេះ លោកអាចនឹងមិនបានធ្វើខួបកំណើតឱ្យដំរីនេះទៀតឡើយ ដោយសារតែលោកត្រូវលាឈប់ពីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ នៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៥ ។

លោក ទ្រី ស៊ីថេង ធ្លាប់បានបញ្ជាក់ទៀតថា ដំរី lucky ត្រូវបានលោករៀបចំឱ្យមានកម្មវិធីខួបកំណើតជារៀងរាល់ឆ្នាំ ហើយលោកជ្រើសរើសយកថ្ងៃទី ២៣ ខែកក្កដា គឺជាថ្ងៃខួបរបស់នាង ដោយសារតែថ្ងៃនោះ ជាថ្ងៃដែល lucky មានកំណើតនៅភ្នំតាម៉ៅ មានន័យថា ដំរី lucky បានមកដល់នៅថ្ងៃទី ២៣ ខែ ៧ ឆ្នាំ ១៩៩៩៕

