នៅថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២៥ នេះ Boonsin Pladklang មេទ័ពភូមិភាគ ២ របស់ថៃ បានចូលរួមកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនភូមិភាគកម្ពុជាថៃ ហើយបានឆ្លៀតបោះសម្តីថា បើសិនជាឃើញទាហានខ្មែរមកដាក់មីនទៀត ខ្លួនអនុញ្ញាតឱ្យទាហានថៃបាញ់ភ្លាមៗ។
Boonsin Pladklang បាននិយាយទាក់ទងនឹងលទ្ធផលនៃការប្រជុំគណៈកម្មាធិការព្រំដែនភូមិភាគកម្ពុជាថៃ RBC កាលពីពេលកន្លងទៅ ដោយបានសង្កត់ធ្ងន់ថា ភាគីថៃនឹងមិនរើបន្លាលួសចេញតាមការស្នើសុំរបស់កម្ពុជាដាច់ខាត ព្រោះនេះគឺជាការការពារខ្លួនរបស់ថៃ។ ម្យ៉ាងទៀត បើសិនជាទាហានខ្មែរមកឈ្លានពាន ឬលបដាក់គ្រាប់មីនទៀត ទាហានថៃអាចបាញ់តបតភ្លាមៗបាន ពោលគឺមានយុទ្ធសាស្រ្តតបតជាមួយកម្ពុជាជានិច្ច។
ដោយឡែក Boonsin Pladklang បានបន្តទៀតថា ការកាត់ក្តីរឿងវីដេអូសំឡេងរវាងសម្តេច ហ៊ុនសែន និង នាយករដ្ឋមន្រ្តី Paetongtharn មិនបានប៉ះពាល់ដល់ប្រតិបត្តិការព្រំដែនរបស់ទាហាននោះទេ ទាហានថៃនៅតែប្តេជ្ញារក្សាអធិបតេយ្យភាពទឹកដី ដោយមិនឈ្លានពាននរណាមុនឡើយ៕
ប្រភព៖ Khaosod