តាមរយៈលិខិតដែលទទួលបានពីសារព័ត៌មានក្នុងស្រុក នៅថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្គាប់ឱ្យមន្ត្រីនគរបាលចំនួន ២ រូប ទៅបង្ហាញខ្លួននៅការិយាល័យបុគ្គលិក ចំណុះផែនការងារធនធានមនុស្ស រៀងរាល់ម៉ោងធ្វើការ រហូតមានបទបញ្ជាជាថ្មី។
ក្នុងនោះ មន្ត្រីនគរបាល ២ រូប ដែលបានសម្រេចបញ្ឈរជើង រួមមាន ៖
១. លោកវរសេនីយ៍ទោ ហឿង វឿង អត្តលេខ ១២៨១១ ឋានៈអធិការរងចំណុះអធិការដ្ឋាននគរបាលខណ្ឌសែនសុខ
២. អនុសេនីយ៍ឯក មាស ភារម្យ អត្តលេខ ៨៦៤៦៨ មន្ត្រីកងអន្តរាគមន៍ ពិសេសចំណុះការិយាល័យអន្តរាគមន៍ និង តម្រួតបទបញ្ជា។
ចំពោះការបញ្ឈរជើងមន្ត្រីនគរបាលទាំង ២ រូប គឺបណ្តាលមកពីមូលហេតុ «ល្មើសបទវិន័យនគរបាលជាតិកម្ពុជា» ជុំវិញករណីប៉ះទង្គិចជាមួយលោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និង ក្រុមនគរបាលត្រួតពិនិត្យជាតិអាកុល ក្នុងខណ្ឌសែនសុខ៕
ប្រភព ៖ Fresh News