នៅរសៀលថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២៥ នេះ ក្រុមការងារព័ត៌មាន និង ប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យបានដឹងថា នៅថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២៥ វេលាម៉ោង ០៥:៣០ នាទីទៀបភ្លឺ មានករណីហិង្សា នៅចំណុចអគារខុនដូរដឺព្រី ផ្លូវ ៧៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រវាងបុរសជាជនជាតិចិនឈ្មោះ WEI JIN JING និង ជនជាតិខ្មែរឈ្មោះ ឆៃ លាងហួរ។
ទាក់ទិនទៅនឹងករណីនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបំភ្លឺឱ្យដឹងថា បន្ទាប់ពីកើតរឿងរ៉ាវហិង្សារវាងបុគ្គលទាំង ២ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ បានឃាត់ខ្លួនភាគីទាំងសងខាង ទៅសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ និង ជំនាញអធិការដ្ឋាននគរបាលខណ្ឌចំការមន។ ដោយយោងតាមចម្លើយរបស់ភាគីទាំងសងខាង ករណីហិង្សានេះដែរ គឺជាការយល់ច្រឡំបញ្ហាបន្តិចបន្តួច បន្ទាប់មកភាគីទាំងសងខាងបានសំណូមពរសមត្ថកិច្ចសុំសម្របសម្រួលបញ្ចប់រឿង មិនមានការប្តឹងផ្តល់គ្នាបន្តទៀត។
ជាមួយគ្នានេះដែរ សមត្ថកិច្ចបានសុំគោលការណ៍ថ្នាក់លើ បានធ្វើការណែនាំអប់រំ និង ធ្វើកិច្ចសន្យា មិនឱ្យមានករណីអំពើហិង្សាបន្តទៀតនោះទេ និង បានអនុញ្ញាតឱ្យត្រឡប់ទៅវិញ៕