នៅព្រឹកថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២៥ នេះ ក្រុមការងារព័ត៌មាន និង ប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានជូនដំណឹងថ្មីពីករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបានកើតឡើងនៅត្រង់ចំណុចមុខក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បង្កឡើងដោយរថយន្តម៉ាក LEXUS RX400H បុករះ ម៉ូតូកង់បីចំនួន ៣ គ្រឿង ម៉ូតូ ១ គ្រឿង និង រថយន្ត ១ គ្រឿង កាលពីថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២៥ វេលាម៉ោង ១៣:៥៧ នាទី កន្លងទៅ។
ទាក់ទិនទៅនឹងករណីនេះ តាមបទបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និង ជាស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នៅលើកំណាត់វិថីនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលអ្នកបើករថយន្តជាមន្ត្រីនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្កឱ្យជនរងគ្រោះម្នាក់ស្លាប់ និង រងរបួសធ្ងន់ និង ស្រាល ៥ នាក់នោះ ត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ហើយ។
តាមប្រភពបានបន្តថា ករណីនេះ រថយន្តម៉ាក LEXUS RX400H ពណ៌ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ 2AO.2188 បានធ្វើដំណើរតាមបណ្ដោយមហាវិថីព្រះនរោត្តម បើកបរក្នុងទិសដៅ ពីត្បូងទៅជើង លុះបើកមកដល់ចំណុចកើតហេតុខាងលើ បានបុករះពីក្រោយយានយន្តជាច្រើនគ្រឿងដែលធ្វើដំណើរស្របទិសគ្នា បង្កឱ្យមានមនុស្សស្លាប់ ១ នាក់ រងរបួសធ្ងន់ ២ នាក់ និង រងរបួសស្រាល ៣ ស្រាល ខណៈមូលហេតុគ្រោះថ្នាក់ គឺអ្នកបើកបររថយន្ត LEXUS RX400H បើកបរលឿនខ្វះការប្រុងប្រយ័ត្ន និង បើកបរមានជាតិស្រវឹងមានអត្រាជាតិអាល់កុល 0.35mg/L៕