នាពេលថ្មីៗនេះ មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) បានជូនដំណឹងឱ្យបានដឹងថា បុគ្គលិករបស់មជ្ឈមណ្ឌលម្នាក់ មានសំណាងបានជួបសត្វដ៏អស្ចារ្យមួយប្រភេទនៅលើដីក្នុងមជ្ឈមណ្ឌល ACCB។
តាមប្រភពបានឱ្យដឹងថា វាមិនមែនជាពស់ ហើយក៏មិនមែនជាដង្កូវនោះទេ ប៉ុន្តែជាប្រភេទសត្វនៃពពួកជលជលិក (សត្វដែលអាចរស់នៅក្នុងទឹក និងលើគោកបាន) ដែលត្រូវបានគេស្គាល់ថា «ស៊ីស៊ីលៀន ឬ caecilian»។ សត្វប្រភេទនេះ មានតែពីរប្រភេទប៉ុណ្ណោះ ដែលត្រូវបានគេរកឃើញនៅក្នុងប្រទេសកម្ពុជាយើង ហើយពួកវាទៀតសោតពិតជាកម្ររកឃើញណាស់ ដោយសារតែពួកវាចំណាយពេលភាគច្រើននៃជីវិតរបស់ពួកវានៅក្រោមដី ជាកន្លែងដែលពួកវារកស៊ីដង្កូវ ឬក៏ជន្លេន និង សត្វល្អិតផ្សេងៗទៀតជាចំណី។
តាមប្រភពបានបន្តថា សត្វប្រភេទនេះ វាចេញមកខាងក្រៅលើដីម្តងម្កាល ប្រហែលជាស្វែងរកគូ ឬ រកទីជម្រកល្អជាងមុន ហើយក៏ចេញនៅតែពេលយប់មានភ្លៀងធ្លាក់តែប៉ុណ្ណោះ។ ស្បែករបស់ពួកវាត្រូវរក្សាសំណើមជានិច្ចដើម្បីឱ្យពួកវាដកដង្ហើមបាន ពោលគឺពួកវាជាសត្វដែលអាចដកដង្ហើមតាមស្បែកបាន៕