ប៉ុន្មានមកនេះ ស្របពេលកងទ័ពខ្មែរកំពុងឈរជើងនៅឯព្រំដែនខេត្តព្រះវិហារក្នុងកិច្ចការពារបូរណភាពទឹកដី ក្រោយមានការប៉ះទង្គិចរវាងកងទ័ពកម្ពុជា និង ថៃ ពេលនេះដែរ លើបណ្ដាញសង្គមមហាជនអ្នកប្រើប្រាស់ហ្វេសប៊ុក កំពុងបង្ហោះចែករំលែកបង្ហាញការជូនពរ និង កម្លាំងចិត្តដល់បងប្អូនកងទ័ពខ្មែរដែលកំពុងលះបង់កម្លាំងកាយចិត្តដើម្បីមាតុភូមិ។
ជាមួយគ្នានោះ ក្រៅពីចែករំលែកបង្ហាញការបួងសួងជូនពរ ក៏ឃើញមានបងប្អូនមហាជន អ្នកជំនួញ ក៏ដូចជាអ្នកសិល្បៈបានចូលរួមជាថវិកាផ្ទាល់ខ្លួនជាជំនួយសម្រួលលើស្បៀងអាហារ និង សម្ភារៈផ្សេងៗជូនបងប្អូនកងទ័ពខ្មែរជាបន្តបន្ទាប់។
ងាកទៅមើលហ្វេសប៊ុកផេករបស់កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត ក៏បានឃើញលោកបង្ហោះចូលរួមឧបត្ថម្ភជាថវិកាចំនួន ១២០ លានរៀល ដើម្បីជួយសម្រួលជូនបងប្អូនកងទ័ពខ្មែរជួរមុខដ៏អង់អាចកំពុងការពារជាតិក្នុងគ្រានេះផងដែរ។
ក្នុងនោះ ឧកញ៉ា ខេមរៈ សិរីមន្ត បានបង្ហោះរៀបរាប់ថា ៖ «ដោយក្តីគោរពបំផុត ខ្ញុំបាទ និង ភរិយាសូមចូលរួមឧបត្ថម្ភ ថវិកាចំនួន 120 លានរៀល ទៅកងទ័ពជួរមុខតាមរយៈអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា (ប្រធានយុវជនបូជាការពារយុត្តិធម៌) ដោយក្តីគោរព និងស្រឡាញ់បំផុតចំពោះកងទ័ពដ៏អង់អាចក្លាហាននៃកងយុទ្ធពលខេមរភូមិន្ទនៃជាតិខ្មែរយើង»៕