មហាជននិយមតាមដានពីរឿងរ៉ាវនៃសែរាជវង្ស ដែលជាអ្នកសិល្បៈ ច្បាស់ជាបាននឹកឃើញដល់ ព្រះនាងតូច នរោត្តម ចេនណា ជាក់ជាក់មិនខាន ដែលទ្រង់បាន និង កំពុងមានឈ្មោះល្បីសុសសាយលើគ្រប់ផ្នែក មិនថាទាំងការច្រៀង សម្តែង ការរាំទាំងរបាំសម័យ និង បុរាណនោះឡើយ។

យ៉ាងណាមិញ អាចនឹងមានមហាជនមួយចំនួនតូចនៅមិនទាន់បានជ្រាបនៅឡើយទេ ពីម្ចាស់បងបង្កើតបស់ព្រះនាងតូច ចេនណា គឺព្រះនាង នរោត្តម អ៊េមម៉ា ក៏ជាអ្នកសិល្បៈដូចគ្នាដែរ ដោយព្រះនាង នរោត្តម អ៊េមម៉ា គឺជាតារាម៉ូឌែលនៅប្រទេសបារាំង។

ជាការពិត កន្លងមកមហាជនកម្រនឹងបានឃើញព្រះនាង នរោត្តម អ៊េមម៉ា ដែលជាព្រះជេដ្ឋា (បងស្រី) បង្កើតព្រះនាងតូច នរោត្តម ចេនណា ខណៈទ្រង់រស់នៅឯប្រទេសបារាំង។ យ៉ាងណាមិញ ថ្មីៗនេះ ព្រះនាង នរោត្តម អ៊េមម៉ា បានបង្ហាញព្រះភក្ត្រក្នុងព្រះពិធីអាវាហវិវាហមង្គលរបស់ ព្រះអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ពង្ស់សូរិយា និង ព្រះសា្វមី អ៊ឹង ស៊ីវឈន់ ក៏បានធ្វើឱ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង។

ក្នុងនោះ ព្រះនាង នរោត្តម អ៊េមម៉ា ពិតជាមានព្រះភក្ត្រស្រស់សោភា កូនកាត់ខ្មែរ បារាំង ឈរត្រសងនឹងព្រះនាងតូច នរោត្តម ចេនណា ពិតជាមានសម្រស់គន់មិនណាយនោះឡើយ៕







