នៅថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៥ នេះ មានករណីអគ្គិភ័យបានឆាបឆេះនៅទីបញ្ជាការកងទ័ពជើងគោកថៃ បង្កឱ្យមានការជ្រួលច្របល់ ទាហានៗនាំគ្នារត់ស្លន់ជួយពន្លត់។
តាមព័ត៌មានបានឱ្យដឹងថា ហេតុការណ៍បានកើតឡើងនៅម៉ោងប្រមាណ ៦ ព្រឹក ដោយភ្លើងចាប់ផ្តើមឆេះចេញពីបន្ទប់ទទួលទានអាហារ ហើយក៏បានរាលដាលទៅបរិវេណជាន់ទី៦ នៃអគារទីបញ្ជាការកងទ័ពជើងគោកជាប់ការិយាល័យអគ្គសេនាធិការ។
ក្នុងនោះ ក្រុមកងកម្លាំងទាហានបានប្រើបំពង់ពន្លត់អគ្គិភ័យដើម្បីបាញ់ពន្លត់ តែមិនអាចពន្លត់បានឡើយ ទើបបានទាក់ទងស្នើសុំជំនួយពីនាយកដ្ឋានពន្លត់អគ្គិភ័យរបស់កងទ័ពជើងគោកថៃ ដើម្បីជួយពន្លត់ភ្លើង ហើយក្រោយពីទទួលការអន្តរាគមន៍ អគ្គិភ័យក៏បានរលត់ទៅវិញ៕
ប្រភព៖ Khaosod