នៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៥ កន្លងទៅ តាមរយៈសេចក្តីប្រកាសរបស់សេតវិមានបានឱ្យដឹងថា កម្ពុជាបានយល់ព្រមលុបបំបាត់ពន្ធគយទាំងអស់លើទំនិញរបស់សហរដ្ឋអាមេរិក រួមទាំងផលិតផលម្ហូបអាហារ និង កសិកម្ម ក៏ដូចជាទំនិញឧស្សាហកម្ម ដែលមានន័យថា ការនាំចេញរបស់សហរដ្ឋអាមេរិកមកកាន់កម្ពុជា នឹងមិនត្រូវបង់ពន្ធគយឡើយ។


ការសម្រេចនេះ បានធ្វើឡើងបន្ទាប់ពីនាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត និង ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានជួបពិភាក្សាគ្នានៅឯប្រទេសម៉ាឡេស៊ី ជាទីដែលមានការចុះកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ។

ក្នុងនោះ កម្ពុជាបានប្តេជ្ញាថានឹងធ្វើឱ្យមានតម្លាភាពលើការនាំចេញរបស់សហរដ្ឋអាមេរិក រួមទាំងការទទួលស្គាល់បទប្បញ្ញត្តិត្រួតពិនិត្យរបស់សហរដ្ឋអាមេរិក ដើម្បីធានាថាទំនិញអាមេរិក មិនចាំបាច់ឆ្លងកាត់តម្រូវការធ្វើតេស្តបន្ថែមនោះទេ ខណៈការនាំចេញរបស់សហរដ្ឋអាមេរិកមកកាន់កម្ពុជា នឹងលែងប្រឈមចំពោះគុណវិបត្តិនៃភាពប្រកួតប្រជែង ជាមួយដៃគូពាណិជ្ជកម្មផ្សេងទៀតហើយ៕



ប្រភព ៖ Fresh News