នៅយប់ថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០២៥ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍ពិសេសមួយ ដែលកម្ពុជានឹងបន្តចូលរួមរកដំណោះស្រាយតាមរយៈក្របខ័ណ្ឌទ្វេភាគីដែលមានស្រាប់ ហើយនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនៃគណៈកម្មការចម្រុះខណ្ឌសីមា និង បោះបង្គោលព្រំដែនគោក (JBC) នៅថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២៥ នៅរាជធានីភ្នំពេញ។
សេចក្តីថ្លៃងការណ៍ដដៃល បានបន្តថា តំបន់រសើបចំនួនបួន គឺ តំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតា មាន់តូច នឹងមិនត្រូវបានដាក់បញ្ចូលក្នុងរបៀបវារៈនៃសម័យប្រជុំ JBC នាពេលខាងមុខនេះ ក្រោយពីវិវាទនៅតំបន់ខាងលើត្រូវបានបញ្ជូនទៅតុលាការICJ។
ក្នុងនោះ តាមរយៈសេចក្តីថ្លៃងការណ៍ខាងលើបានគូសរំលេចថា កម្ពុជាសង្ឃឹមថា ប្រទេសថៃនឹងសហការបញ្ជូនសំណុំរឿងនេះទៅតុលាការ ICJ ក្នុងស្មារតីយុត្តិធម៌ ការកសាងទំនុកចិត្ត មិត្តភាពយូរអង្វែង និង ភាពជាអ្នកជិតខាងល្អ។ កម្ពុជាក៏បានបានត្រៀមខ្លួន បន្តកិច្ចដំណើរការនេះ ដោយឯករាជ្យម្ចាស់ការ ក្នុងករណីដែលមិនមានកិច្ចសហការណាមួយ។
ជាមួយគ្នានោះ រាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ពិនិត្យដំណើរការនៃការស្វែងរក ដំណោះស្រាយបញ្ហានេះដោយស្ងប់ស្ងាត់ អត់ធ្មត់ និងកុំធ្វើឱ្យបញ្ហានេះក្លាយជាបញ្ហានៃអារម្មណ៍ ជាតិសាសន៍ ឬជាតិនិយមជ្រុល។ កម្ពុជាសូមគូសបញ្ជាក់ចំពោះសារៈសំខាន់នៃការរក្សាទំនាក់ទំនងជាប្រក្រតី ជាមួយប្រទេសថៃ ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម ទេសចរណ៍ និងកិច្ចសហប្រតិបត្តិការទូលំទូលាយ លើវិស័យផ្សេងៗទៀត ដើម្បីផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រជាជនរបស់យើងទាំងពីរ។
គួរជម្រាបជូនថា នៅព្រលឹមថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៥ វេលាម៉ោងប្រមាណ ៥ និង ៣០ នាទីព្រឹក មានករណីផ្ទុះអាវុធមួយបានកើតឡើង នៅពេលដែលកងកម្លាំងយោធាថៃ បានបើកការបាញ់ប្រហារមកលើទីតាំងកងទ័ពកម្ពុជា ក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលជាតំបន់ ត្រូវបានទទួលស្គាល់ថាជាប៉ុស្តិ៍យោធាកម្ពុជាជាយូរមកហើយ។ ការផ្ទុះអាវុធនេះបានបណ្តាលឱ្យទាហានខ្មែរម្នាក់ បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម។
រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការតវ៉ាជាផ្លូវការប្រឆាំងនឹងការប្រើប្រាស់កម្លាំងដោយគ្មានមូលហេតុនេះ ដែលជាការរំលោភយ៉ាងធ្ងន់ធ្ងរមកលើអធិបតេយ្យ បូរណភាពទឹកដី និងគោលការណ៍នៃភាពជាអ្នកជិតខាងល្អ ដែលមានចែងនៅក្នុងអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ រវាងប្រទេសទាំងពីរ៕
ប្រភព ៖ ក្រសួងព័ត៌មាន