នៅថ្ងៃទី ០៤ ខែមេសា ឆ្នាំ ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើលិខិតមួយទៅលោក Donald J. Trump ប្រធានាធិបតីនៃសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងការស្នើចរចាលើការអនុវត្តពន្ធលើការនាំចេញរបស់កម្ពុជា ទៅកាន់សហរដ្ឋអាមេរិក ដែលឆ្លើយតបនឹងសេចក្តីជូនដំណឹងរបស់អាមេរិកនៅថ្ងៃទី ២ ខែមេសា។
ខាងក្រោមនេះ ជាសារលិខិតទាំងស្រុងផ្ញើទៅកាន់ឯកឧត្តម ដូណាល់ ជេ. ត្រាំ ប្រធានាធិបតីនៃសហរដ្ឋអាមេរិក ៖ «ជាការឆ្លើយតបទៅនឹងការប្រកាសរបស់ឯកឧត្តម កាលពីថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៥ ក្នុងការដាក់អនុវត្តនូវអត្រាពន្ធនាំចូល ៤៩% លើទំនិញរបស់កម្ពុជា ចាប់ពីថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២៥ ខាងមុខនេះ កម្ពុជាសូមស្នើបើកការចរចាជាមួយរដ្ឋាភិបាលរបស់ឯកឧត្តម ក្នុងពេលដ៏ឆាប់បំផុត តាមដែលអាចធ្វើទៅបាន និង សូមស្នើរដ្ឋាភិបាលរបស់ឯកឧត្តម ពន្យារការអនុវត្តអត្រាពន្ធនាំចូលថ្មីនេះ ដោយក្តីអនុគ្រោះ។
ខ្ញុំសូមជម្រាបជូនឯកឧត្តមផងដែរថា អត្រាពន្ធនាំចូលខ្ពស់បំផុតដែលកម្ពុជាកំពុងអនុវត្តជាទូទៅមានត្រឹមតែ ៣៥% ប៉ុណ្ណោះ។ ក្នុងគោលបំណងបង្ហាញនូវសុឆន្ទៈ និង ក្នុងស្មារតីនៃការពង្រឹង ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរបស់យើង កម្ពុជាប្តេជ្ញាចិត្តខ្ពស់ក្នុងការជំរុញការនាំចូលទំនិញពីសហរដ្ឋអាមេរិក ជាមួយនឹងការបន្ថយភ្លាមៗនូវអត្រាពន្ធនាំចូលទំនិញ ១៩ ប្រភេទ ពីអត្រាអតិបរមា ៣៥% មកត្រឹមអត្រា ៥%។
ក្នុងស្មារតីនេះ ខ្ញុំបានប្រគល់ភារកិច្ចជូនរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មរបស់ខ្ញុំ ធ្វើការទាក់ទងជាមួយតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិករបស់ឯកឧត្តម ដើម្បីអនុវត្តកិច្ចការនេះ។
កម្ពុជាប្តេជ្ញាចិត្តខ្ពស់ក្នុងការបន្តកិច្ចសន្ទនា ក្នុងន័យស្ថាបនា និង ប្រកបដោយលទ្ធផលផ្លែផ្កា ជាមួយរដ្ឋាភិបាលអាមេរិក ដើម្បីជំរុញឱ្យទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសយើងទាំងពីរកាន់តែស៊ីជម្រៅបន្ថែមទៀត សំដៅឱ្យប្រជាជាតិ និង ប្រជាជនយើងទាំងពីរ អាចទទួលបានផលប្រយោជន៍ជាក់ស្តែង ពីទំនាក់ទំនងពាណិជ្ជកម្មដ៏សំខាន់នេះ។
សូមឯកឧត្តមទទួលនូវការរាប់អានដ៏ខ្ពង់ខ្ពស់បំផុតពីខ្ញុំ»៕