ស្តាប់ទៅហាក់គួរឱ្យអស់សំណើច តែការដើរផោមគឺជាអាថ៌កំបាំងធ្វើឱ្យអាយុវែង។ នេះបើតាមការលើកឡើងរបស់អ្នកនិពន្ធសៀវភៅធ្វើម្ហូបកាណាដា Mairlyn Smith ដែលនាង និង ស្វាមី តែងអនុវត្តដើររយៈពេល ៦០ នាទី នៅក្រោយពេលអាហារពេលល្ងាច។
អ្នកជំនាញរូបនេះបានអះអាងថា ការដើរផោមឬ fart walk ក្រោយពេលបាយល្ងាច វានឹងជួយឱ្យសុខភាពល្អ មានអាយុវែង។ គោលដៅចម្បងរបស់នាង គឺអនុវត្តជាប្រចាំដើម្បីជួយការរំលាយអាហារ ការពារជំងឺធ្ងន់ធ្ងរ ជាពិសេស ការពារឱកាសវិវត្តទៅជាជំងឺទឹកផ្អែមប្រភេទទី ២។
បើតាម លោក Tim Tiutan វេជ្ជបណ្ឌិតនៃមជ្ឈមណ្ឌលមហារីក Memorial Sloan Kettering នៅទីក្រុងញ៉ូវយក លោកបានយល់ស្របចំពោះការលើកឡើងរបស់ស្ត្រីខាងលើផងដែរ។ លោកបាននិយាយថា ការដើរបន្ទាប់ពីហូបអាហាររួច វាជួយជំរុញដល់ចលនាពោះវៀន ដោយជំរុញខ្យល់ចេញមកក្រៅ និង ការពារការទល់លាមក។ អត្ថប្រយោជន៍មួយទៀត វាមិនត្រឹមតែការពារការឡើងជាតិស្ករក្នុងឈាមប៉ុណ្ណោះទេ តែថែមទាំងកាត់បន្ថយការប្រឈមកើតជំងឺមហារីកផងដែរ។
ជារួមមក បើយើងមិនធ្វើចលនារាងកាយបន្ទាប់ពីបរិភោគអាហារ ឧស្ម័នឬខ្យល់នឹងរក្សានៅក្នុងពោះ ធ្វើឱ្យហើយពោះ និង មានអារម្មណ៍ពិបាកក្នុងខ្លួន ហើយងាយបង្កទៅជាជំងឺផ្សេងៗ។ ដូច្នេះ បន្ទាប់ពីបរិភោគអាហារ អ្នកគួរចំណាយពេលធ្វើចលនារាងកាយ ដោយអាចដើរប្រមាណពីកន្លះម៉ោងទៅមួយម៉ោង៕
ប្រភព៖ NYP