មហាជននិយមតាមដានរឿងរ៉ាវសិល្បៈ ជាពិសេស ពាក់ព័ន្ធនឹងតារាកំប្លែង ទេស សុជន ហៅ នាយ ក្រិន ច្បាស់ជាបានជ្រាបហើយ ពីជីវភាពខ្វះខាតរបស់លោក កាលពីពេលកន្លងមកបន្ទាប់ពីបានភរិយាទី ២ រត់ចោល លួចផិតក្បត់មានអ្នកថ្មី ដោយបន្សល់ទុកកូនប្រុសស្រី ៣ នាក់ ឱ្យលោកមើលថែក្នុងបន្ទុកកាលពីអំឡុង ឆ្នាំ ២០២៩។
កាលនោះ ក្រោយពីជួបរឿងខាងលើហើយ នាយ ក្រិន ក៏បាននាំកូនៗទាំង ៣ ចាកចេញពីភ្នំពេញ ដើម្បីទៅរស់នៅឯស្រុកកំណើតនាខេត្តបាត់ដំបង ខណៈមុខជំនួយបើកភោជនីដ្ឋាន ក៏ត្រូវក្ស័យធន់ និង ជាប់បំណុលគេថែមទៀតផង។
យ៉ាងណាមិញ ក្រោយពីបានវិលមកកាន់ទីក្រុងភ្នំពេញ និង បានបង្ហាញវត្តមានក្នុងការសម្តែងកំប្លែងជាថ្មីម្តងទៀតតាំងពីដើមឆ្នាំ ២០២៤ មក មហាជនឃើញថា រយៈពេលជិត ១ ឆ្នាំ ចុងក្រោយនេះ នាយក្រិន ចាប់ផ្តើមមានការងារធ្វើជាថ្មី និង រកប្រាក់ចំណូលបាន ដើម្បីផ្គត់ផ្គង់ជីវភាព។ លើសពីនោះ អ្វីដែលគួរឱ្យសរសើរ គឺការប្រឡូកសិល្បៈលើកនេះ ក៏មានការចូលរួមសម្តែងពីកូនៗរបស់លោក ដើម្បីបន្ថែមចំណូលជួយដល់គ្រួសារទៀតផង។
ជាការពិតណាស់ បើទោះជារយៈពេលជិត ១ ឆ្នាំ ចុងក្រោយនេះ ការងាររបស់ នាយក្រិន មានជាហូរហែក៏ពិតមែន ប៉ុន្តែជីវភាពរបស់លោកក៏នៅមិនទាន់បានធូរស្រាលដូចដើមនៅឡើយទេ ដោយលោកនៅទទួលបន្ទុកជាច្រើននៅឡើយ។
យ៉ាងណាមិញ ថ្មីៗនេះ កម្មវិធី 3 Fun បានបង្ហាញវីដេអូប៉ុន្មាននាទី ពីកូនស្រីពៅរបស់លោក គឺ អូន បញ្ញា រៀបរាប់ពីរឿងរ៉ាវរបស់ខ្លួន ធ្វើឱ្យអ្នកទស្សនាទប់ទឹកភ្នែកមិនជាប់ និង សរសើរពីកូនៗរបស់ នាយក្រិន ថានៅក្មេង ប៉ុន្តែអាចតស៊ូនឹងភាពលំបាកជាមួយឪពុកបាន។ ក្នុងនោះដែរ បញ្ញា បាននិយាយថា៖ «ពេលអត់បាយហូប នាង និង បងៗ ព្រមទាំងប៉ាហូបអំបិល ហើយបាយទទេក៏ញុំាដែរ។ ពេលអត់បាយ នាងទ្រាំបាន ហើយមានទឹក នាងផឹកទឹកឆ្អែត»៕
សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ៖