អំឡុងពេលនេះ ប្រជាជនកម្ពុជានៅតាមតំបន់ព្រំដែន នៅបន្តរស់នៅជំរំភៀសសឹក និង មិនទាន់បានវិលត្រឡប់ទៅផ្ទះសម្បែងវិញឡើយ ព្រោះស្ថានភាពនៃការឈ្លានពានរបស់ថៃនៅមិនទាន់វិលមកសភាពការណ៍ល្អនៅឡើយទេ។
ក្នុងនោះ ការប្រមូលថវិកា និង ការឧបត្ថម្ភស្បៀង សម្ភារប្រើប្រាស់ ថ្នាំដង្កូវនៅតែជាការចាំបាច់សម្រាប់ជនភៀសសឹក ដែលធ្វើឱ្យប្រជាជនកម្ពុជា និង សប្បុរសជនជាតិ អន្តរជាតិនៅតែបន្តផ្តល់ទៅកាន់ជំរំភៀសសឹកតាមតំបន់ផ្សេងៗជាបន្តបន្ទាប់។
ជាការពិតណាស់ ស្របពេលអ្នកផ្តើមមូលនិធិ កំពុងសស្រាក់សស្រាំក្នុងការរៀបចំស្បៀងជូនដល់ជនភៀសសឹក ដោយការចំណាយ បានដកលុយពីហោប៉ៅខ្លួនឯងផង និង មានសប្បុរសធម៌បន្តចូលរួមផងនោះ ក៏មានមតិអវិជ្ជមានមួយចំនួនតូចដាក់បន្ទុកដល់អ្នកកាន់មូលនិធិ បារម្ភពីការកិបកេងលុយជាដើម។ ម្យ៉ាងវិញទៀតនោះ រហូតមានអ្នកសុំឱ្យម្ចាស់មូលនិធិ ធ្វើបញ្ជីចំណាយបង្ហាញជាសាធារណៈទៀតផង។
ខណៈរឿងខាងលើបានបន្តវែកញែកលើបណ្តាញសង្គមហ្វេសប៊ុកនៅឡើយនោះ ឌីជេ ណាណា ក៏បានចេញមកសុំលូកមាត់និយាយរឿងលុយទិញអីវ៉ាន់ជូនជនភៀសសឹក បន្ទាប់ពីខ្លួនក៏មានបទពិសោធក្នុងការទិញ និង រៀបចំអីវ៉ានចែកដល់ជនភៀសសឹកដូចគ្នា។
ក្នុងវីដេអូប្រមាណ ៦ នាទី ឌីជេ ណាណា បានបញ្ជាក់ថា អ្នកនាងលើកហេតុផលមកនិយាយមិនមែនជាការកាន់ជើងដល់អ្នកផ្តើមមូលនិធិនោះទេ តែអ្នកនាង និយាយពីអ្វី ដែលអ្នកនាងធ្លាប់ឆ្លងកាត់ ថាការរៀបចំទិញអីវ៉ាន់នេះ គឺមិនងាយស្រួលនោះឡើយ ព្រោះត្រូវប្រថុចញ៉ុញ ពេលខ្លះមិនដឹងថាទិញអ្វី ថែមអ្វី និង ចូលលុយខ្លួនឯងប៉ុន្មានអីប៉ុន្មានផង។ លើសពីនោះ អ្នកនាង ក៏បានលើកទឹកចិត្តដល់អ្នកជួយទាំងអស់ កុំបាក់ទឹកចិត្តពីការរិះគន់ទាំងនោះ៕
សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ៖