ចាប់តាំងពីកម្ពុជាមានការឈ្លានពានពីប្រទេសថៃ ទាំងមហាជនកម្ពុជា អ្នកក្នុងសិល្បៈ និង វិស័យបវរកញ្ញា បានបង្ហាញសកម្មភាពយ៉ាងសកម្មលើបណ្ដាញសង្គម ដោយប្រើប្រាស់សំឡេងរបស់ខ្លួនក្នុងការប្រឆាំងតវ៉ានឹងការឈ្លានពាន ក៏ដូចជាប្រឆាំងនឹងការលាបពណ៌បំភ្លៃនូវការពិតមកលើកម្ពុជាឥតឈប់ឈរពីប្រទេសថៃ។
ចំពោះកម្លាំងស្មារតីការពារជាតិមាតុភូមិនេះដែរ អ្នកសិល្បៈជាច្រើន ជាពិសេសសិល្បករមានឥទ្ធិពលនៅក្រៅប្រទេស បានធ្វើការផ្សព្វផ្សាយទាមទារយុត្តិធម៌ សន្តិភាព និង ភាពស្អាតស្អំសម្រាប់កម្ពុជា តាមរយៈការបង្ហោះសារ និង វីដេអូនិយាយពីការពិតនៃកម្ពុជាជាភាសាបរទេស ព្រមទាំងសកម្មភាពតាមផ្លូវសាធារណៈ តាមស្ថានទូតផ្សេងៗទាំងក្នុង និង ក្រៅប្រទេស។
ក្នុងនោះ បើចាប់អារម្មណ៍លើស្មារតីស្នេហារបស់បវរកញ្ញាវ័យក្មេងដ៏មានឥទ្ធិពល ជូលី ល្អហួស វិញ ក៏បានឃើញនាងបង្ហាញសកម្មភាពយ៉ាងសកម្មដែរ ដោយប្រើប្រាស់សំឡេងរបស់ខ្លួននិយាយប្រឆាំងនឹងការឈ្លានពាន ក៏ដូចជាបង្ហាញការពិតនៃកម្ពុជាទៅកាន់ពិភពលោក តាមរយៈវីដេអូជាភាសារបរទេស និង ចេញជាចម្រៀងបង្ហាញក្ដីឈឺចាប់របស់កម្ពុជាផងដែរ។
លើសពីនេះ ថ្មីៗនេះ ក៏បានឃើញហ្វេសប៊ុកផេករបស់យុវតី ជូលី ល្អហួស ប្រកាសសន្យានឹងមហាជនកម្ពុជា បើជានាងបានជាប់មកុដ MTC 2025 តំណាងកម្ពុជាប្រកួតលើឆាកអន្តរជាតិនៅប្រទេសឥណ្ឌាឆ្នាំ ២០២៦ នាងនឹងប្រើវេទិកាអន្តរជាតិនេះដើម្បីនិយាយបកស្រោមមុខនៃឈ្លានពានរបស់ថៃមកលើកម្ពុជាឱ្យពិភពលោកបានដឹង។
ក្នុងនោះ ជូលី ល្អហួស បានបង្ហោះរៀបរាប់ថា ៖ «បើសិនជាឆ្នាំ 2026 នាងខ្ញុំមានឱកាសតំណាងឱ្យព្រះរាជាណាចក្រកម្ពុជាម្ដងទៀត ដែលប្រកួតនៅប្រទេស «ឥណ្ឌា» នាងខ្ញុំសូមសន្យាថានឹងបកស្រោមមុខសន្ដានសៀម ជូនប្រជាជនកម្ពុជានៅលើឆាកអន្តរជាតិ»៕