នៅរសៀលថ្ងៃទី ០៤ ខែសីហា ឆ្នាំ ២០២៥ នេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានធ្វើសេចក្ដីថ្លែងការណ៍បន្ទាន់ ស្តីពី «ការបំពានកិច្ចព្រមព្រៀងឈប់បាញ់ពីសំណាក់កងទ័ពថៃ» នៅទីស្ដីការគណៈរដ្ឋមន្ត្រី។
តាមរយៈសេចក្ដីសង្ខេបព័ត៌មាន លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ឱ្យបានដឹងថា នៅវេលាម៉ោង ១១ ព្រឹក ថ្ងៃទី ៤ ខែសីហា នេះ ថៃបានបញ្ជូនកម្លាំងប្រដាប់អាវុធគ្រប់ដៃ និង គ្រឿងចក្រចូលក្នុងតំបន់អានសេះ និង តំបន់ផ្សេងទៀតដែលជាដែនអធិបតេយ្យរបស់កម្ពុជា ហើយថែមទាំងបានរាយបន្លាលួស បើទោះបីជាត្រូវហាមឃាត់យ៉ាងខ្លាំងពីសំណាក់កងកម្លាំងរបស់យើងយ៉ាងណាក៏ដោយ។
គួររំឭកផងដែរថា កម្ពុជាទើបតែបានរៀបចំឱ្យមានដំណើរការទស្សនកិច្ចរបស់អនុព័ន្ធយោធាបរទេសប្រចាំនៅកម្ពុជា ទៅកាន់ទីកន្លែងទាំងនោះ កាលពីថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២៥ ដែលនេះវាបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថា វាជាដែនអធិបតេយ្យរបស់កម្ពុជា ខណៈទង្វើនេះជាការបំពានបទឈប់បាញ់យ៉ាងគឃ្លើនផងដែរ៕