មកដល់ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២៥ នេះ លើហ្វេសប៊ុករបស់លោក Peypey Dy បានបង្ហោះជុំវិញរឿងមានបងប្អូនមហាជនគាំទ្រខ្លាំងក្រោយឮថាលោកបានយកថវិកាដែលទទួលបានពីសប្បុរសជន ជួយផ្ដាច់ធនាគារដល់គ្រួសារវីរកងទ័ពដែលពលីជីវិតដើម្បីមាតុភូមិ ដែលលោកបានបកស្រាយថាមិនមែនជាការពិតទេ។
ក្នុងនោះ លោក Peypey Dy បានបញ្ជាក់ឱ្យដឹងថាពេលនេះ លោកកំពុងរៀបចំស្បៀងអាហារជូនជនភៀសសឹក និង កងទ័ពជួរមុខដែលមានរបួល ព្រមទាំងគ្រួសារវីរជនទៅតាមលទ្ធភាពជាមុនសិន ហើយលោកក៏បានត្រៀមកញ្ចប់ថវិកាជូនផងដែរ។
សារនោះ លោក Peypey Dy បានរៀបរាប់ថា ៖ «ជម្រាបសួរបងប្អូន ខ្ញុំឃើញមានការបង្ហោះនិងចែកចាយបន្តជាច្រើនចំពោះពត៌មានដែលសរសេរថា “ខ្ញុំបានយកថវិការទៅជួយផ្តាច់បំណុលធនាគារ របស់គ្រួសារវីរៈកងទ័ព” ឃើញមានបងប្អូនសាទរ និង ពេញចិត្តជាច្រើន តែខ្ញុំសូមជម្រាបថា មិនមែនជាការពិតទេ ប៉ុន្តែខ្ញុំក៏សង្ឃឹមថាវានឹងអាចកើតឡើងពីកម្លាំងសាមគ្គីនៅពេលខាងមុខណាមួយ ជាក់ស្តែងពួកយើងកំពុងរៀបចំស្បៀងជូនជនភៀសសឹក កងទ័ពជួរមុខ ដែលមានរបួស និង គ្រួសារសពវីរជនទៅតាមសមត្ថភាព និង ចំនួនទឹកប្រាក់ដែលទទួលបាន ក្នុងនោះដែរ ខ្ញុំក៏បានត្រៀមកញ្ចប់ថវិការជូនពួកគាត់ដូចគ្នា ពួកយើងនៅតែទទួលការបរិច្ចាកផ្សេងៗ ដើម្បីបន្តដំណើរនៃមហាទឹកចិត្តខ្មែរអោយមានរយៈពេលវែងតាមដែលអាចធ្វើបាន»៕