មហាជនអ្នកតាមដានកម្មវិធី MasterChef Cambodia រដូវកាលទី ៣ សុទ្ធសឹងតែបានស្គាល់ពីអតីតបេក្ខភាព កែវ វង្សច័ន្ទរស្មី ដែលជាបេក្ខភាពដ៏ឆ្នើមមួយរូបក្នុងកម្មវិធីនារដូវកាលនោះ ដោយឆក់បានការចាប់អារម្មណ៍ពីមហាជនទាំងសមត្ថភាព គំនិតច្នៃប្រឌិត ថ្វីដៃចម្អិនពូកែ និង អត្តចរិតសម្ដីត្រង់ៗរបស់អ្នកនាង។
យ៉ាងណាមិញ ក្រោយបញ្ចប់កាលប្រកួតកម្មវិធី MasterChef Cambodia រដូវកាលទី ៣ អ្នកនាង រស្មី ក៏នៅតែត្រូវបានមហាជនចូលចិត្តតាមដានសកម្មភាពផ្សេងៗលើវិស័យម្ហូបអាហារ និង ជីវិតឯកជនរបស់អ្នកនាងផងដែរ។
ជាក់ស្ដែង ថ្មីៗនេះ ស្របពេលលើបណ្ដាញសង្គមមានការផ្ទុះវែកញែកខ្លះៗពាក់ព័ន្ធនឹងកម្មវីធី MasterChef Cambodia ពីអតីតបេក្ខភាពនៅរដូវកាលទី ៣ នោះ ក៏បានឃើញលើហ្វេសប៊ុករបស់អតីតបេក្ខភាពរូបនេះ បានបង្ហោះចែករំលែករំឭកដល់ការប្រកួតរបស់ខ្លួនកាលពីរដូវកាលមុនដែរ ដោយអ្នកនាងបានបង្ហោះទម្លាយរឿងរ៉ាវអំឡុងពេលប្រកួតបន្តបន្ទាប់។
លើសពីនេះ អ្វីដែលធ្វើឱ្យមហាជនអ្នកគាំទ្រកំពុងផ្ទុះចាប់អារម្មណ៍ខ្លាំង ខណៈបានឃើញ អ្នកនាង កែវ វង្សច័ន្ទរស្មី ចែករំលែកទម្លាយរឿងចំណូល និង ចំណាយ ក្នុងការប្រកួតកម្មវិធី MasterChef Cambodia បានឱ្យដឹងថាទម្រាំតែថតចប់កម្មវិធីនេះ អ្នកនាងបានចំណាយលុយផ្ទាល់ខ្លួនអស់ខ្ទង់ ៥ ពាន់ដុល្លារឯណោះទៅលើការចាយវាយផ្សេងៗ។
ក្នុងនោះ អតីតបេក្ខភាព កែវ វង្សច័ន្ទរស្មី បានបង្ហោះរៀបរាប់ថា ៖ «ខ្ញុំទៅប្រកួតបានលុយពីការថតមួយថ្ងៃ 10$ ទៅ 2 ខែកន្លះ បាន 270$ ខ្ញុំចំណាយថែមចាយលុយផ្ទះចូលអស់ 5000$ គ្រប់ចំណុចដែលហ្សង់បាននិយាយ ខ្ញុំធ្លាប់ចេញ video និយាយម្ដងហើយ ជារឿងពិតក្នុងកម្មវិធីទាំងអស់ ចាសអរគុណ ជម្រាបលា»៕