កាលពីថ្ងៃទី ៦ ខែសីហា ឆ្នាំ ២០២៥ កន្លងទៅ មានហេតុការណ៍ផ្ទុះធុងស្តុកប្រេងមួយចំណុះ ២០០០ លីត្រ នៅក្នុងរោងចក្រមួយកន្លែងក្នុងប្រទេសថៃ ដែលបណ្តាលឱ្យកម្មករ ១ នាក់ស្លាប់ និង ២ នាក់ទៀតបានរងរបួស។
តាមព័ត៌មានបានឱ្យដឹងថា រោងចក្រខាងលើនេះ ស្ថិតនៅភូមិលេខ ៦ ឃុំថាម៉ៃ ស្រុកថាម៉ាកា ខេត្តកាន់ចាណាក់បុរី។ ក្នុងនោះ បុរសជាជាងម្នាក់ បានផ្សារធុងប្រេងម៉ាស៊ូតខាងលើ ដោយធុងនេះមិនមានប្រេងឡើយ ប៉ុន្តែក៏មិនបានសម្អាតឱ្យបានត្រឹមត្រូវ ហើយថែមទាំងមិនបើកគម្របធុងទៀត ទើបធ្វើឱ្យកម្ទេចផ្កាភ្លើងចេញពីម៉ាស៊ីនផ្សារ ទៅឆាបជាមួយនឹងចំហាយប្រេង បង្កទៅជាការផ្ទុះធុងនេះយ៉ាងខ្លាំងក្លា។
យ៉ាងណាមិញ បុរសជាជាងផ្សាររូបនោះបានស្លាប់បាត់បង់ជីវិត រីឯកម្មករ ២ នាក់ទៀត ក៏បានរងរបួស ហើយត្រូវបានគេបញ្ជូនទៅសង្រ្គោះនៅឯមន្ទីរពេទ្យ។ ដោយឡែក មន្រ្តីអាជ្ញាធរកំពុងចាត់វិធានការចំពោះករណីនេះស្របទៅតាមច្បាប់ពាក់ព័ន្ធផ្សេងៗផងដែរ៕
ប្រភព៖ Matichon