នៅរសៀលថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២៥ នេះ ក្រសួងអប់រំ យុវជន និង កីឡា បានជូនដំណឹងពីជំនួបសម្ដែងការគួរសម និង ពិភាក្សាការងារជាមួយក្រុមហ៊ុន TF MOTORS (CAMBODIA) Co.,LTD ធ្វើឡើងនៅថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២៥។
ក្រសួងអប់រំបានបញ្ជាក់ឱ្យដឹងថា ជំនួបនេះបានផ្ដោតទៅលើការផ្តល់ជូនរថយន្តអគ្គិសនី Leapmotor TO3 ជូនដល់សិស្សានុសិស្សដែលទទួលបាន កម្រិតពិន្ទុប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិខ្ពស់ជាងគេប្រចាំប្រទេស (តែម្នាក់គត់) សម្រាប់សម័យប្រឡង ថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២៥ ខាងមុននេះ។
គួរឱ្យដឹងផងដែរថារថយន្ត Leapmotor T03 គឺជាប្រភេទរថយន្ត city car ទ្វារ-5 អគ្គិសនីសុទ្ធ 100% ដែលអាចបើកបរបាន ៣១០ គីឡូម៉ែត្រ សម្រាប់ការសាកថាមពលមួយពេញ និង មានលក្ខណៈពិសេសទំនើបដ៏សម្បូរបែបជាច្រើនដែលមានតម្លៃ ១៥ ៩៩០ ដុល្លារអាមេរិក។
តាមប្រភពបានបន្តថា គោលបំណងនៃការផ្ដល់ជូនរថយន្តអគ្គិសនី Leapmotor TO3 នេះគឺដើម្បីចូលរួមជាមួយក្រសួងអប់រំ យុវជន និង កីឡាក្នុងការលើកស្ទួយវិស័យអប់រំឱ្យកាន់តែរីកចម្រើន និង ស្របតាមការលើកទឹកចិត្តពីរាជរដ្ឋាភិបាលក្នុងការគាំទ្រឱ្យប្រជាពលរដ្ឋខ្មែរងាកមកប្រើប្រាស់រថយន្តអគ្គិសនីដើម្បីចូលរួមថែទាំដល់បរិស្ថាន និង កាត់បន្ថយនៅឧស្ម័នពុលដែលប៉ះពាល់ដល់បរិយាកាស ព្រមទាំងលើកទឹកចិត្តដល់សិស្សានុសិស្សឱ្យខិតខំប្រឹងប្រែង រៀនសូត្រដើម្បីទទួលបាននូវលទ្ធផលល្អក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិខាងមុខនេះ៕