នៅរសៀលថ្ងៃទី ០៧ ខែសីហា ឆ្នាំ ២០២៥ នេះ កិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) បានចាប់ផ្តើម ដែលប្រតិភូកម្ពុជា ដឹកនាំដោយឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា នឹងជួបជជែកជាមួយប្រតិភូថៃ ដឹកនាំដោយឯកឧត្តម Natthaphon Narkphanit រដ្ឋមន្រ្តីស្តីទីការពារជាតិថៃ ព្រមទាំងមានការចូលរួមសង្កេតការពីប្រតិភូម៉ាឡេស៊ី សហរដ្ឋអាមេរិក និង ចិន។
ក្នុងនោះ តាមរយៈសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការពារជាតិ បានឱ្យដឹងថា ៖ «ក្រសួងការពារជាតិសូមជម្រាបជូនដល់សាធារណជន និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិអំពី លទ្ធផលកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅប្រទេសម៉ាឡេស៊ី ដែលដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ណាត់ថាក់ផុន ណាកផានីត រដ្ឋមន្រ្តីស្តីទី ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រថៃ បានប្រព្រឹត្តទៅក្នុងបរិយាកាសស្ថាបនា និងវិជ្ជមាន ដែលនាំមកនូវលទ្ធផលប្រកបដោយផ្លែផ្កា ភាគីទាំងពីរក៏បានឯកភាពលើលក្ខខណ្ឌនៃបទឈប់បាញ់ និងការរៀបចំយន្តការសម្រាប់អនុវត្ត។ ភាគីកម្ពុជា និងភាគីថៃបានឯកភាពអនុម័តនូវកំណត់ហេតុនៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) រវាងកម្ពុជា និងថៃ និងសេចក្តីថ្លែងការណ៍រួម»។
សូមបញ្ជាក់ថា កិច្ចប្រជុំGBCនេះ ធ្វើឡើងស្របតាមការឯកភាព ក្នុងចំណោមចំណុចឯកភាពនៅក្នុងកិច្ចប្រជុំពិសេស នៅទីក្រុងពូត្រាយៃយ៉ា ប្រទេសម៉ាឡេស៊ី ដើម្បីអនុវត្តន៍ស្មារតីបទឈប់បាញ់ កាលពីយប់ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៥ និង រកដំណោះស្រាយដោយសន្តិវិធីចំពោះស្ថានការណ៍ដែលកំពុងកើតឡើង៕