កាលពីថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០២៥ កន្លងទៅនេះ នៅក្នុងប្រទេសថៃ មានករណីបង្រ្កាបការជួញដូរគ្រឿងញៀនមួយនៅក្នុងខេត្តលើយ ដោយរឹបអូសបានគ្រឿងញៀនប្រមាណជិត ៤ លានគ្រាប់។
តាមព័ត៌មានបានឱ្យដឹងថា អាជ្ញាធរបង្រ្កាបគ្រឿងញៀនប្រចាំខេត្តលើយ បានស៊ើបដឹងថាក្រុមជួញដូរគ្រឿងញៀនមួយក្រុម កំពុងតែមានការលួចលបជួញដូរគ្រឿងញៀន នៅភូមិហួសស៊ួក ឃុំប៊ុហ៊ុម ស្រុកឈៀងខាន ទើបបាននាំកម្លាំងទៅស្ទាក់ចាំចាប់ ហើយឃើញថាមានការដឹកចេញនូវគ្រឿងញៀនតាមរយៈរថយន្តមួយគ្រឿង អាជ្ញាធរក៏បានជិះតាម និង ស្ទាក់ចាប់បាននៅនឹងមុខផ្សារទំនើបមួយកន្លែង។
ក្រោមការត្រួតពិនិត្យនៅក្នុងរថយន្តនោះ អាជ្ញាធររកឃើញថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន ១២ បាវ សរុបចំនួន ៣ ៨២០ ០០០ គ្រាប់ ព្រមទាំងបានឃាត់ខ្លួនអ្នកបើកបរដែលជាបុរសអាយុ ៣០ ឆ្នាំម្នាក់ ហើយក៏បានបញ្ជូនទាំងភស្តុតាង ព្រមទាំងជនសង្ស័យទៅសួរនាំចម្លើយ ដើម្បីការដំណើរការក្តីទៅតាមផ្លូវច្បាប់៕
ប្រភព៖ Khaosod