យោងតាមការសិក្សាថ្មីមួយ ធ្វើឡើយដោយវិទ្យាស្ថានសម្រាប់ការសិក្សាទៅលើគ្រួសារ (Institute for Family Studies) បុរសដែលធ្វើការកាន់តែតំណែងធំ ឬ តំណែងខ្ពស់ ដូចជា CEO ឬ នាយកប្រតិបត្តិ គ្រូពេទ្យព្យាបាល និង គ្រូពេទ្យវះកាត់ រួមទាំងបុរសគ្មានការងារធ្វើ សុទ្ធតែចូលចិត្តលួចលាក់មានស្រីក្រៅ ឬ អ្នកទីបី។
ជាក់ស្តែង អ្នកនិពន្ធ Wendy Wang បានសិក្សាទិន្នន័យក្នុងការស្ទង់មួយ ដែលឱ្យឈ្មោះថា General Social Survey ដោយរកឃើញថា ១៨ % នៃបុរសនៅក្នុងមុខតំណែងកំពូលទាំងនេះ គឺមិនស្មោះត្រង់នៅក្នុងអាពាហ៍ពិពាហ៍របស់ពួកគេឡើយ។
ដោយឡែកគ្នានេះ បុរសគ្មានការងារធ្វើ អាយុចាប់ពី ២៥ ឆ្នាំ ដល់ ៥៤ ឆ្នាំ ចូលចិត្តរកដៃថ្មី ភ្លក់រសជាតិផ្លូវភេទថ្មី ដែលក្នុងនោះ ចំណោម ៥ នាក់ មានម្នាក់ទៅហើយ ដែលធ្វើរឿងនេះ។ តាមការសិក្សាបានបង្ហាញថា បុរសដែលគ្មានការងារធ្វើ ឬ បុរសដែលពឹងផ្អែកលើហិរញ្ញវត្ថុស្ត្រី ពួកគេតែងមានអារម្មណ៍ថាខ្លួនអន់ជាង ឬ គ្មានសុវត្ថិភាពនៅក្នុងទំនាក់ទំនង។ ដូច្នេះហើយ ពួកគេចង់ទៅរកនរណាម្នាក់ទៀត ដើម្បីបំពេញខ្លួនឯង ឬ អាចថារកអ្នកផ្គត់ផ្គង់ថ្មី ដែលបុរសបែបនេះជាមុខសញ្ញាបោកប្រាស់ចម្បងបំផុត។
ខណៈបុរសប្រភេទទាំងនេះចូលចិត្តមានស្រីក្រៅ ធាតុពិតទៅស្ត្រីក៏មិនចាញ់គ្នាប៉ុន្មានដែរ។ តួយ៉ាង យោងតាមទិន្នន័យ General Social Survey អ្នកសិក្សាខាងលើ ក៏បានរកឃើញថា ស្ត្រី ១៤ % បានលួចលាក់មានក្រៅ ប៉ុន្តែអ្វីដែលផ្ទុយគ្នា គឺ នៅពេលនិយាយដល់ការមានការងារធ្វើ ស្ត្រីធ្វើការតូចតាច ឬ តំណែងទាប មានភាគរយលួចលាក់ច្រើនជាង ស្ត្រីដែលធ្វើការតំណែងធំ។ មានន័យថា កាលណាតំណែងធំ ពួកគេមានភាពឯករាជ្យ ប្រកាន់ខ្ជាប់ភាពស្មោះត្រង់ និង ទំនួលខុសត្រូវ ខណៈដែលស្ត្រីខ្សោយហិរញ្ញវត្ថុ ពួកគេតែងចង់បានអ្នកផ្គត់ផ្គង់ ដែលមានទាំងលុយកាស មុខមាត់ និង តំណែងធំ៕
ប្រភព៖ NYP