ជីវិតកម្សត់ពេកហើយ! គ្រួសារក្រីក្រ អូនតូចពិការជើង ប្រឹងតស៊ូទៅរៀនសូត្រ ក្រេបចំណេះដឹងដូចក្មេងដទៃ
មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម នាពេលថ្មីៗនេះ បាននាំគ្នាសម្ដែងក្ដីអាណិតអាសូរ ដល់ក្មេងប្រុសមួយរូប ដែលពិការជើងម្ខាង តស៊ូទៅរៀនដូចគេដូចឯង ក្នុងថ្នាក់មត្តេយ្យកម្រិតខ្ពស់ នៃសាលាបឋមសិក្សាមេម៉ៃ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
រឿងរ៉ាវជីវិតកម្សត់របស់ក្មេងប្រុសរូបនេះ ត្រូវបានបង្ហោះឡើងដោយផេក សាលាបឋមសិក្សា មេម៉ៃ ដែលបានបញ្ជាក់ឱ្យដឹងថាកុមារារូបនេះមានឈ្មោះ ណា នី រៀននៅថ្នាក់មត្តេយ្យកម្រិតខ្ពស់នៃសាលាបឋមសិក្សាមេម៉ៃ ឃុំ ក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ពិការជើងម្ចាងពិបាកក្នុងការធ្វើដំណើរមកសាលារៀន កើតក្នុងគ្រួសារក្រីក្រ ឪពុកម្តាយបានរៀនសូត្រតិចតួច តែចង់ឱ្យកូនបានរៀនដូចក្មេងឯទៀត ទើបលោកគ្រូ អ្នកគ្រូ តែងតែផ្តល់សម្លៀកបំពាក់ សម្ភារសិក្សាដល់គាត់ និងលើកទឹកចិត្តគាត់ឱ្យខំរៀន។
ទន្ទឹមគ្នានេះ បើតាមការឱ្យដឹងពីប្រភពខាងលើ បច្ចុប្បន្នកុមារា ណា នី ដែលពិការជើង បានទទួលការវះកាត់នៅមន្ទីរពេទ្យកុមារខេត្តសៀមរាបបានចំនួន ២ ថ្ងៃហើយ ដោយអាការពេលនេះមិនអីទេ ព្រោះគ្រូពេទ្យព្យាបាលយ៉ាងយកចិត្តទុកដាក់បំផុត ខណៈលោកគ្រូអ្នកគ្រូ បានបួងសួងឱ្យអូនតូចឆាប់ជាសះស្បើយ ឆាប់បានមករៀនវិញ៕