ហ៊ានញ៉ាំទេ? ភោជនីយដ្ឋានមួយនៅតៃវ៉ាន់ លក់មីរ៉ាមែនប្រភេទថ្មី ដាក់សត្វកន្លាតសមុទ្រប៉ុនណាណីឱ្យទៀត
ថ្មីៗនេះ មានការផ្ទុះភ្ញាក់ផ្អើលពាសពេញបណ្ដាញសង្គម ដោយភោជនីយដ្ឋានមួយកន្លែងនៅតៃវ៉ាន់ បានបញ្ចេញមុខម្ហូបមីរ៉ាមែនប្រភេទថ្មី ដោយមានដាក់សត្វកន្លាតសមុទ្រយក្ស Isopod ពីខាងលើ ដោយក្នុងមួយចានលក់ក្នុងតម្លៃ ៤៨.២២ ដុល្លារ។
គួរឱ្យដឹងថា សត្វកន្លាតសមុទ្រ Isopod គឺជាពពួកសត្វសមុទ្រ ដែលស៊ីសពសត្វសមុទ្រដទៃដូចជា បាឡែន ឬ មឹក ជាអាហារ។ ពួកវារស់នៅតែក្នុងសមុទ្រជ្រៅៗពី ១៧០ ទៅ ២ ១៤០ ម៉ែត្រ។ ពួកគេ រស់នៅតែក្នុងតំបន់ដែលងងឹតគ្មានពន្លឺចូលដល់ ជាមួយនឹងសីតុណ្ហភាពទឹកប្រមាណ ៤ អង្សាសេ។
បើនិយាយអំពីរបៀបញ៉ាំសត្វសមុទ្រប្រភេទនេះវិញ ខាងភោជនីយដ្ឋានបានប្រាប់ថា គឺងាយស្រួលដូចបកចេក។ ចង់ញ៉ាំ គឺគ្រាន់តែកាត់យកពោះ និង គ្រឿងក្នុងវាចេញ ទុកតែក្រពេញពណ៌លឿងៗរបស់វាបានហើយ។ ចំពោះរសជាតិ សត្វ Isopod នេះ រសជាតិឆ្ងាញ់ដូចសាច់បង្កង និង ក្ដាម ហើយក្រពេញពណ៌លឿងរបស់វា គឺមានរសជាតិដូចខួរក្ដាម៕