៥ យ៉ាងរបស់ មាស សុខសោភា ធ្វើឱ្យអ្នកគាំទ្រលើកស្ទួយជារាជិនីសំឡេងសម័យថ្មី
មាស សុខសោភា គឺជាតារាចចម្រៀងស្រីលំដាប់ជួរមុខម្នាក់ក្នុងប្រទេសកម្ពុជា ដែលមានទឹកដមសំឡេងផ្អែមពីរោះក្រអួនក្រអៅបែបបំពេ ដោយសារទឹកដមសំឡេងបែបនេះទើបធ្វើឱ្យមហាជនបានចាត់ទុកនាងជារាជិនីសំឡេងនាសម័យថ្មី ព្រោះគិតថាគ្មានតារាចម្រៀងជំនាន់ក្រោយណាម្នាក់អាចមានសមត្ថភាពសំឡេងដូចនាង ។
ការចាត់ទុកតារាចម្រៀង មាស សុខសោភា ជារាជិនីសំឡេងសម័យថ្មីនេះដែរ ក៏មិនមែនគ្មានមូលដ្ឋានច្បាស់លាស់ ឬ និយាយបានតែមាត់នោះដែរ ដោយមហាជនអ្នកគាំទ្រទូទៅបានមើលឃើញនូវចំណុចខ្លឹមទាំង ៥ យ៉ាងនេះពីតារាចម្រៀងស្រីខាងលើនេះ ទើបបានជាផ្តល់ងារបែបនោះឱ្យ ដែលមានដូចខាងក្រោម ៖
១-សំនៀងផ្អែមមុត
មាស សុខសោភា មានទឹកដមសំឡេងបែបផ្អែមមុត ពេលដែលនាងបានបង្ហើរសំនៀងម្តងៗតែងតែធ្វើឱ្យអ្នកស្តាប់ដក់ចិត្ត លង់អារម្មណ៍ ស្លុងទៅតាមមន្តស្នេហ៍សំនៀងរបស់នាងដោយមិនដឹងខ្លួន ។ សំឡេងដ៏ផ្អែមមុតនេះបានចាក់ចូលដល់ក្រអៅបេះដូងអ្នកស្តាប់ ដែលស្តាប់ហើយចង់ស្តាប់ទៀតគ្មានចេះជិនណាយ ។
២-ច្រៀងបានគ្រប់ទម្រង់
គេតែងនិយាយថាតារាចម្រៀងដែលមានសំនៀងផ្អែមមុត ភាគច្រើនមិនអាចច្រៀងបទផ្សេងៗបានពីរោះក្រៅតែពីបទមនោសញ្ចេតនាកម្សត់ៗនោះទេ ប៉ុន្តែចំពោះតារាចម្រៀង មាស សុខសោភា គឺផ្ទុយស្រឡះ ដោយនាងមិនត្រឹមតែមានសមត្ថភាពច្រៀងបទមនោសញ្ចេតនាបានពីរោះរណ្តំចិត្តប៉ុណ្ណោះទេ ប៉ុន្តែគ្រប់បទ គ្រប់ចង្វាក់ គ្រប់ទម្រង់ គឺនាងមានសមត្ថភាពច្រៀងបានយ៉ាងល្អ និង ពីរោះគួរឱ្យចង់ស្តាប់ទៅតាមប្រភេទបទចម្រៀងនីមួយៗ រាប់ទាំងបទញាក់កន្ត្រាក់អារម្មណ៍ ជាដើម ។
៣-បទចម្រៀងត្រូវចិត្តអ្នកគាំទ្រគ្រប់វ័យ
ភាគច្រើននៃបទចម្រៀងរបស់តារាចម្រៀងស្រី មាស សុខសោភា គឺតែងតែទទួលបានការសរសើរ និង ចូលចិត្តស្តាប់ពីមហាជនគ្រប់មជ្ឈដ្ឋានទូទៅ មិនថាស្រីប្រុស ក្មេងចាស់ឡើយ សុទ្ធតែជក់ចិត្តនឹងបទចម្រៀងរបស់តារាចម្រៀងរូបនេះយ៉ាងខ្លាំង ជាក់ស្តែងដូចជាបទ «មេឃកំពុងភ្លៀងហើយ» «មួយពាន់រាត្រី» «ដំបូលរហែក» «ឧត្តមស្វាមី» «សុំមិនស្គាល់បងល្អជាង» និង បទចម្រៀងជាច្រើនទៀត ជាដើម ។
៤-សមត្ថភាពសំឡេងតែមួយគ្មានពីរ
បើនិយាយដល់ទឹកដមសំឡេងវិញ អ្នកគាំទ្របានគេកត់សម្គាល់ឃើញថា គ្មានតារាចម្រៀងសម័យថ្មីណាម្នាក់ក្នុងប្រទេសដែលមានរបត់សំឡេងស្រដៀង ឬ ដូចនឹងសំឡេង មាស សុខសោភា ឡើយ ដោយគេចាត់ទុកនាងជាតារាចម្រៀងដែលមានរបត់សំឡេងផ្អែមមុត និង ទឹកដមសំនៀងបែបបំពេអារម្មណ៍តែមួយគ្មានពីរ ។
៥-ចរិតឱនលំទោន និង សកម្មភាពសប្បុរសធម៌
បូកផ្សំពីលើទឹកដមសំឡេងផ្អែមមុត បែបបំពេ និង សមត្ថភាពច្រៀងបានគ្រប់ទម្រង់នោះ តារាចម្រៀង មាស សុខសោភា ត្រូវបានគេមើលឃើញពីចរិតល្អ មិនឆ្មើងឆ្មៃ និង ចេះឱនលំទោនចំពោះរៀមច្បង ព្រមទាំងផ្សារភ្ជាប់ជាមួយអ្នកគាំទ្រ ពិសេសគឺនាងក៏ជាតារាចម្រៀងលើកស្ទួយពីសិល្បៈវប្បធម៌ និង មានសកម្មភាពសង្គមច្រើនផងដែរ ដោយចំណុចទាំងនេះបានរុញច្រាននាងឱ្យកាន់តែមានឈ្មោះបោះសំឡេងពីមួយថ្ងៃទៅមួយថ្ងៃ និង ឈោងចាប់បានងារជារាជិនីសំឡេសម័យថ្មីបែបនេះ ៕