សូរ្យ អេណា សំងំប្រើជីវិតយ៉ាងមានក្ដីសុខជាមួយស្វាមី និង កូនៗនៅក្រៅប្រទេស
ចាប់តាំងពីភ្ជាប់និស្ស័យស្នេហ៍ជាមួយបុរសជនជាតិបរទេសមក អតីតបវរកញ្ញា Miss Global Cambodia អ្នកនាង សូរ្យ អេណា បានឃ្លាតឆ្ងាយពីវិស័យសិល្បៈម្ដងបន្តិចៗ រហូតនៅប៉ុន្មានឆ្នាំចុងក្រោយនេះ នាងបានបង្កើតកូនដល់ទៅ ២ នាក់ ហើយចំណាយពេលវេលាមើលថែគ្រួសារយ៉ាងកក់ក្ដៅបំផុត។
ទន្ទឹមនឹងនោះ សូរ្យ អេណា ក៏មិនទាន់រស់នៅស្រុកខ្មែរជាប់លាប់ដែរ ដោយនាងបានផ្លាស់ទៅរស់នៅហុងកុងតាមស្វាមី ដោយជារឿយៗស្រីស្អាតរូបនេះតែងបង្ហាញសកម្មភាព ការរស់នៅ និង ធ្វើដំណើរកម្សាន្តទៅកាន់ប្រទេសមួយចំនួនជាមួយស្វាមី និង កូន ស្ដែងពីក្ដីសុខពេញទី។
បើនិយាយដល់ការធ្វើដំណើរកម្សាន្ត ថ្មីៗនេះ សូរ្យ អេណា ទើបតែបង្ហាញសកម្មភាពជុំគ្រួសារតូចរបស់នាងយ៉ាងមានសុភមង្គលនៅលើទឹកដីប្រទេសបារាំង ចាយជីវិតពោរពេញដោយក្ដីសុខបំផុត។ លើសពីនេះ សូរ្យ អេណា និង គ្រួសារបន្តដំណើរកម្សាន្តទៅកាន់ប្រទេស Netherlands ក្នុងនោះគេថែមទាំងបានឃើញនាងថតរូបបង្ហាញភាពជិតដិតជាមួយម្ដាយក្មេកទៀតផង៕