
ព្រឺក្បាលខ្ញាកៗ! ប្រវត្តិសណ្ឋាគារ ១៣ ជាន់ នៅសាយហ្គន ប្រទេសវៀតណាម ល្បីខ្មោចស្រីលងសាហាវ
ថ្ងៃនេះ «ប្រជាប្រិយ» សូមនាំអារម្មណ៍ប្រិយមិត្តមកកាន់ទិដ្ឋភាពថ្មីនៃប្រទេសវៀតណាម នៃអគារមួយមានកម្ពស់ ១៣ ជាន់ មានឈ្មោះថាសណ្ឋាគារ President Hotel កណ្តាលក្រុង Saigon ដែលសណ្ឋាគារនេះល្បីខ្លាំងមែនទែនកាលទសវត្សរ៍ទី ៦០។ សំណង់ស្ថាបត្យកម្មដ៏ធំនេះ មានឈ្មោះថា ៧២៧ Tran Hung Dao ឬ យើងហៅថា ផ្ទះ ១៣ ជាន់ ជាបុរេទីតាំងដែលគេជឿថាមានវិញ្ញាណសណ្ឋិត ចាក់ឫសយ៉ាងជ្រៅក្នុងប្រវត្តិសាស្ត្រប្រទេសវៀតណាម និង មហាសែនអាថ៌កំបាំង។
-សាវតាប្រវត្តិផ្ទះ ១៣ ជាន់ Tran Hung Dao
មុនពេលផ្ទះ ១៣ ជាន់ត្រូវបានវាយកំទេច ក្លាយជាគំនរបាក់បែក កន្លែងនេះធ្លាប់ជាសណ្ឋាគារដ៏ប្រណីត និង ជាមជ្ឈមណ្ឌលកម្សាន្តដ៏ល្បីល្បាញមួយនាសតវត្សរ៍ចុងក្រោយ។ នៅគ្រឹស្តសករាជ ១៩៦០ សណ្ឋាគារ Tran Hung Dao សាងសង់លើខណ្ឌទី ៥ ក្នុងទីតាំងស្ថិតនៅលើផ្លូវលេខ ៧២៧ ជាផែនការនគរូបនីយកម្មដ៏ស្រស់បំព្រង ផ្ចង់ផ្តើមដោយលោក Nguyen Tan Doi ដែលជាអ្នកមានបំផុតប្រចាំភាគខាងត្បូងប្រទេសវៀតណាម។
យោងតាមគម្រោងដើម សណ្ឋាគារនេះមានកម្ពស់ ១៣ ជាន់ មាន ៥៣០ បន្ទប់ និង ចែកចេញជា ៦ តំបន់។ បន្ទាប់ពីទទួលបានការរចនាសាងសង់ចេញជាគម្រោងស្ថាបត្យករទទួលបន្ទុកសាងសង់ជាជនជាតិបារាំង បានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំង ដោយបានប្រាប់លោក Nguyen ថាលេខ ១៣ ហ្នឹងអត់ល្អទេ ជាលេខនាំសំណាងមិនល្អយោងតាមជំនឿលោកខាងលិច។ មានជនជាតិរៀតណាមម្នាក់អាងថាខ្លួនមានលុយ លោកហាក់មិនអើពើនឹងការព្រមានរបស់ស្ថាបត្យករបារាំងរូបនោះឡើយ ហើយសម្រេចចិត្តដាក់បញ្ចូលជាន់ទី ១៣ ឲ្យខានតែបាន។
ពេលការសាងសង់បានរៀបចំឡើង ឧប្បត្តិហេតុនៃការស្លាប់ក្រុមការងារសាងសង់រមែងមានមិនចេះខាន។ ជាន់ទី១២ សាងសង់ហើយ នៅតែជាន់ទី១៣ មានបញ្ហាមិនដែលខាន ការស្លាប់នៅការដ្ឋានរមែងកើតមានឥតដាច់ មិនជឿក៏ពិបាកដែរ ហើយប្លង់ចេញហើយ ចង់កែវិញគឺកាន់តែមិនអាចទៅរួច ភ្លាមនោះមហាសេដ្ឋីវៀតណាមរូបនោះ បានទៅរកគ្រូបញ្ជាន់រូបរៀបចំពិធីបញ្ចុះសីមានៅការដ្ឋានសាងសង់សណ្ឋាគារនោះ។
គ្រូអារក្សរូបនោះបានបញ្ជាឲ្យយកសពមនុស្សស្រីព្រហ្មចារីចំនួន ៤ នាក់ យកទៅបុកគ្រឹះនៅកន្លែងសាងសង់សណ្ឋាគារនោះ ដើម្បីទប់ទល់នឹងបណ្តាសាបិសាចដែលកាន់នៅការដ្ឋាននោះ ហើយគ្មាននរណាដឹងឡើយថា គេបានមនុស្សស្រីព្រហ្មចារី ៤ នាក់នោះមកពីណាទេ តែតាមពាក្យលេចឮថា សាកសពនោះ គឺទិញពីកន្លែងកប់ខ្មោចយកមកបញ្ចុះនៅទីនោះ ហើយតិចណាស់ដែលជឿរឿងនេះ។ រឿងនៃការយកមនុស្សស្រីព្រហ្មចារីទៅកប់តាមជ្រុងគ្រឹះសណ្ឋាគារនេះ បានលាក់ជិតឈឹង រហូតដល់សណ្ឋាគារកម្ពស់ ១៣ ជាន់នេះ បានសាងសង់ចប់ជាស្ថាពរតាមការគ្រោងទុក ហើយសម្ពោធយ៉ាងគគ្រឹកគគ្រេង តាមបែបផែនអភិជនក្នុងតំបន់ សណ្ឋាគារកម្ពស់ ១៣ ជាន់ រះត្រដែតកណ្តាលក្រុងសៃហ្គន ភ្ញៀវជាតិអន្តរជាតិ ផ្អើលឈូរឆរគយគន់សម្រស់សណ្ឋាគារដ៏ល្អវិចិត្រ ក្រោយពន្លឺកាំជ្រួចក្នុងរាត្រីបើកកាត់ខ្សែបូដំណើរការជាផ្លូវស្ថាបត្យកម្មអគារដែលមានឈ្មោះថា ៧២៧ Tran Hung Dao។
លុះចំណេរកាលក្រោយមក ប្រទេសចាប់ផ្តើមមានសង្គ្រាម ទ័ពរបស់អាមេរិកបានសម្រុកមកដល់តំបន់សៃហ្គន អភិជនម្ចាស់សណ្ឋាគារ បានកើបលុយដ៏ច្រើនពីការស្វាគមន៍នៃទាហានអាមេរិក ជះលុយយកសណ្ឋាគារកម្ពស់ ១៣ ជាន់នេះ ជាតំបន់មូលដ្ឋានទ័ព ដោយទិញគ្រប់ជាន់ទាំងអស់ មិនថាបន្ទប់ សាលប្រជុំ អាងហែលទឹក ឬ បារក្នុងសណ្ឋាគារ លើកលែងតែជាន់ ១ ដែលត្រូវបានគេមិនទិញយក គឺ ជាន់ទី ១៣។
ក្រោយសង្គ្រាមចប់ សណ្ឋាគារទាំងមូលត្រូវក្ស័យធន់ ប្តូរនាមពីសណ្ឋាគារ ទៅជាអាផាតមិនវិញ (បង់ខែ) គេហៅកន្លែងនេះថា ផ្ទះ ១៣ ជាន់ ហើយបន្ទាប់ពីជាន់ទី ១៣ គេបិទលែងឲ្យឡើងកាលនៅជាសណ្ឋាគារ គ្រានោះជាន់ទី ១២ ក៏ចាក់ច្រវ៉ាក់លែងឲ្យនរណាឡើងទៅរស់នៅទៀត ដោយសារសភាពចាស់ទ្រុឌទ្រោមពេក។ គ្រានោះ ស្រាប់តែលេចវត្តមានមនុស្សស្រីឡើងទៅជាន់លើហក់ពីលើដំបូលធ្លាក់ទៅដីយ៉ាងរន្ធត់ គឺហក់ហើយហក់ទៀត សប្តាហ៍ក្រោយមានអ្នកហក់ ខែក្រោយមានមនុស្សស្រីមកហក់ទៀត ។
អ្នករស់នៅអគារនោះហក់ចេញពីបន្ទប់ម្តងម្នាក់ៗ សុទ្ធតែជាមនុស្សស្រី មានអ្នកខ្លះខ្លាចពេករើចេញពីផ្ទះនោះហើយ យប់ស្អែកឡើងកាន់សោរមកហក់ពីជាន់លើសម្លាប់ខ្លួនទៀតក៏មាន។ អ្នកតំបន់នោះ និយាយថា បើអ្នករើមកនៅអាផាតមិននេះ ហើយជាភេទស្រី អ្នកត្រូវហៅគ្រូមកសូត្ររំដោះគ្រោះបន្ទប់ជាមុន យ៉ាងហោចណាស់កន្លះខែទើបអាចរស់នៅបាន។ អគារនេះត្រូវបានគេនិយាយថាឆុងជាមួយនឹងភេទស្រី។ អ្នករស់នៅក្នុងអគារនិយាយថា មានវិញ្ញាណខ្មោចច្រើនណាស់ទូទាំងផ្ទះ១៣ ជាន់នេះ។ គ្រប់បន្ទប់តែងឮសំឡេងគោះទ្វារហើយ គ្រប់ពេលដែលម្ចាស់បន្ទប់សួរថានរណាគេ សំឡេងមនុស្សស្រី តែងពោលថាសុំចូលផង។ មានអ្នកខ្លះឮសំឡេងមនុស្សស្រីស្រែកនៅក្នុងប្រហោងជញ្ជាំង និង សំឡេងគេហាត់ទ័ពនៅលើដំបូលរៀងរាល់យប់ស្ងាត់ទៀតផង។ វាពិតជាគួរឲ្យខ្លាចណាស់៕