រឿងរ៉ាវពិតព្រឺខ្នង ខ្មោចជួលបញ្ចាំងកុនរហូតម៉ោង ៤ ភ្លឺ ផ្អើលពេញប្រទេសថៃ
កាលពីប្រហែល ៣០ ឆ្នាំមុន មានករណីផ្ទុះកក្រើកព័ត៌មានគួរឲ្យរន្ធត់ខ្លាំងក្រៃលែង កើតឡើងលើក្រុមហ៊ុនបញ្ចាំងភាពយន្តចល័តមួយត្រូវបានជួលដោយអ្នកភូមិអាថ៌កំបាំងម្នាក់ បានកក់សេវាកម្មចាក់បញ្ចាំងកុនរបស់ពួកគេឱ្យទៅបញ្ចាំងភាពយន្តនៅក្នុងភូមិជនបទ នៃភូមិភាគឦសានប្រទេសថៃ ដែលមានទីតាំងនៅឯ ព្រៃខាំឆាណូត (ព្រៃដើមចាក) ខេត្តឧត្តរធានី ព្រះរាជាណាចក្រថៃ ក្នុងតម្លៃឈ្នួលគឺ ៤០០០ ពាន់បាត។
បន្ថែមលើនេះ បុរសចាស់នោះបានដាក់លក្ខខណ្ឌយ៉ាងតឹងរ៉ឹងមួយថា ពួកគេមានសិទ្ធិចាក់បញ្ចាំងកុនតែ ១ មុខគត់ ហាមសួរ ហាមនិយាយជាមួយអ្នកភូមិនោះ ហើយក្រោយពួកគេបញ្ចាំង ត្រូវរើអ៊ីវ៉ាន់ចាកចេញពីស្រុកភូមិនោះឲ្យបានមុនម៉ោង ៤ ទៀបភ្លឺ ទោះជាយ៉ាងណាក៏ដោយ ពេលចាកចេញពីភូមិមិនត្រូវនិយាយ ឬ ងាកក្រោយជាដាច់ខាត។
ក្រុមសហការីចាក់បញ្ចាំងមានការងឿងឆ្ងល់ជាខ្លាំងពួកគេ បានរៀបចំរថយន្តចល័តពីក្រុងបាងកក ធ្វើដំណើរមកដល់ខេត្តឧត្តរធានី តាមកាលកំណត់ ដោយបញ្ហាយានយន្តទៅដល់មេឃងងឹតល្មម។ ចុះពីលើឡានដែលកំពុងបញ្ឆេះក្រោយការនាំផ្លូវពីបុរសចាស់ម្នាក់ នាំពួកគេទៅដល់ទីតាំងជាវាលស្ងាត់មួយនៅចុងភូមិ ហ៊ុមព័ទ្ធដោយព្រៃចាក ដុះខ្ពស់ៗយោលតាមខ្យល់បង្ហាញនូវកំពូលវត្តក្រោមពន្លឺខែពេញបូរមី។
ប្រុសៗប៉ុន្មាននាក់រៀបចំដំឡើងគ្រឿងភ្លើង និង ផ្ទាំងកំណាត់បញ្ចាំង តែធ្វើការបណ្តើរលួចដៀងភ្នែកងាកមើល គ្មានឃើញមនុស្សសោះនៅទីនោះ តែដោយលក្ខខណ្ឌបានកំណត់ ពួកគេបន្តការងាររបស់ខ្លួនឲ្យរួចរាល់ ដោយមិនហ៊ានសួរនាំអ្វីទាំងអស់ពេលនោះ ព្រោះពេលនោះពួកគេកំពុងចាក់កុនយឺតម៉ោងកំណត់។
ម៉ោង ១២ យប់កុនចាប់ផ្តើមបញ្ចាំង ស្រមោលស្ទង់នៃអ្នកទស្សនាក៏ចាប់ផ្តើមឃើញដើរចេញពីព្រៃ ម្តងមួយៗ ដើរយឺតៗ មកអង្គុយមុខផ្ទាំងកំណាត់ស ដែលបញ្ចាំងអមដោយធុងបាសដាក់បន្តុបលើគ្នា ខ្ទរខ្ទរពេញព្រៃព្រឹក្សា។ ខ្យល់បល់ល្វើយៗ ឆ្កែលូនៅក្នុងភូមិឡើងគ្រលួច អ្នកចាក់បញ្ចាំង និង លើដំបូលឡាន និង អ្នកកាន់ម៉ាស៊ីនភ្លើងនៅជុំគ្នា មើលទៅអ្នកចាក់បញ្ចាំង ដែលនៅទុំលើធ្នឹមដែកខ្ពស់តែម្នាក់ឯង មើលទៅមនុស្សម្នាមានខ្លះដោះអាវបញ្ចេញសាច់ដ៏ខ្មៅ អង្គុយបែរខ្នងត្រៀបត្រា ដោយអារម្មណ៍មិនស្រួលក្នុងចិត្ត។
បរិយាកាសពេលនោះគឺចម្លែកក្រៃលែង ភាពយន្តដែលចាក់បញ្ចាំងជាកុនកំប្លែង ពោរពេញដោយសំឡេងតួអង្គនិយាយសាស័ព្ទ និង សើចកងរំពង តែអ្នកទស្សនាអង្គុយបែរខ្នង នៅធ្មឹងដូចរូបចម្លាក់គ្មានវិញ្ញាណ គ្មានសូម្បីតែសំឡេងក្អក ឬ និយាយគ្នា គឺធ្វើតែមួយមុខគត់ អង្គុយទ្រឹងទស្សនាកុន។ មិនដឹងថា តើអ្នកទស្សនាមកពីណាមិនដឹង មានសម្បុរខ្មៅៗ ភ្នែកសស្លេក ដេកផង អង្គុយផង ឈរផង ច្រត់ចង្កេះធ្មឹង ឈរមើលកុនតាំងពីលើដី ដល់លើចុងឈើក៏មាន គឺមកច្រើនខ្លាំងមែនទែន។ ដោយសារ ការបញ្ចាំងមានការយឺតម៉ោង កុននោះក៏បានពន្យារពេលយប់ដល់ម៉ោង ៤ កន្លះភ្លឺ ហើយទស្សនិកជនបន្តមើលកុនដោយភាពស្ងាត់ជ្រងំ រហូតដល់កុនបញ្ចាំងចប់ គ្រប់គ្នាក៏រំសាយម្តងម្នាក់ៗរហូតដល់អស់។
ក្រុមការងារមើលតែកុនចេញអក្សរថា «ចប់» ម្នាក់ៗស្ទុះរូតរះសាអីវ៉ាន់ប្រញាប់ចេញពីទីនោះ គ្មានចាំដល់លោតអក្សរ credit អីឡើយ។ បុរសៗ ព្រឺរោម កាច់សោ ចោលកៅអី និង ឆត្រមួយចំនួន បញ្ឆេះឡានចាកចេញតាមដានកង់ ដែលចាំថាបានចូលមក តែអកុសលបញ្ឆេះឡានហើយ ងាករកផ្លូវអត់ឃើញ ហើយឡានពួកគេនៅកណ្តាលវាលកប់ខ្មោចគ្មានឃើញផ្លូវទាល់តែសោះ។ ពួកគេត្រូវបានហ៊ុមព័ទ្ធដោយព្រៃក្រាស់ ងងឹតខ្លាំង រកទិសដៅមិនឃើញ ។
ដោយមានការភិតភ័យ និង ច្របូកច្របល់ ទើបក្រុមការងារសម្រេចចិត្តរង់ចាំរហូតដល់ព្រឹក នាំគ្នាធ្វើដំណើរទៅកាន់ភូមិក្បែរនោះ ដើម្បីសុំជំនួយ។ មួយសន្ទុះក្រោយមក អ្នកភូមិបានមកជួយកាប់ឆ្ការព្រៃ ដើម្បីយករថយន្តរបស់ក្រុមការងារកុនចេញបាន។ ម្នាក់ៗឆ្ងល់គ្រប់គ្នាថា ឡានដ៏ធំអាចចូលមកកណ្តាលព្រៃស្រោងនេះបានតាមរបៀបណា គ្រាន់តែពេលនោះអ្នកភូមិដែលកំពុងដេកលក់ នាំគ្នាឆ្ងល់គ្រប់គ្នាថា ហេតុនរណាមកបញ្ចាំងកុនអីនៅទីកប់ខ្មោចកណ្តាលព្រៃនេះ។
រឿងដ៏គួរឲ្យភ្ញាក់ផ្អើលខ្លាំងបំផុតគួរជាទីព្រឺរោមនោះ គឺលុយ ៤០០០ បាត នៅក្នុងកាបូបលុយ អ្នកបញ្ចាំងកុន ពេលបើកបង្ហាញអ្នកភូមិមើល លុយនោះសុទ្ធតែជាស្លឹកឈើ និង គល់ស្លឹកគ្រៃ។ រឿងហេតុនេះបានល្បីកក្រើកទូទាំងប្រទេស រហូតដល់ឆ្នាំ ២០០៧ មានផលិតករថៃយកខ្សែរឿងនេះមកផលិតជាភាពយន្តខ្នាតធំមានចំណងជើងថា «ผีจ้างหนัง» ឬ «The Screen at Kamchanod» ប្រែថា «បញ្ចាំងកុននៅព្រៃខាំឆាណូត» (ព្រៃចាក) ៕