ព្រឺក្បាល! ព្រេងនិទានព្រាយស្រីកម្ពស់ ២ ម៉ែត្រកន្លះ ចាប់កូនក្មេងស៊ី លាក់ខ្លួនកណ្តាលព្រៃប្រទេសជប៉ុន
ប្រទេសជប៉ុន ជាប្រទេសដែលរីកចម្រើនឈានមុខគេផ្នែកវឌ្ឍនភាពសេដ្ឋកិច្ច និង បច្ចេកវិទ្យាដ៏ជឿនលឿនលើសាកលលោក តែបើនិយាយពីវប្បធម៌ ប្រពៃណី ជំនឿ ប្រទេសអភិវឌ្ឍន៍មួយនេះ មានភាពល្បីរន្ទឺខាងព្រេងនិទានដ៏មហាសែនព្រឺសម្បុរ ក៏មិនស្ទើរនោះដែរ។ ថ្ងៃនេះ «ប្រជាប្រិយ» នឹងពាំនាំខ្មោចស្រីមួយប្រភេទដ៏ល្បីជាងគេ ប្រចាំប្រទេសនេះ មកចែកជូនប្រិយមិត្តអ្នកអាន ទុកជាការកែកម្សាន្ត នាងមានឈ្មោះថា «ព្រាយ ២ ម៉ែត្រកន្លះ» ។
ព្រាយ ហាឈី សាគូសាម៉ា Hachi Sakusama ជាព្រាយស្រីដ៏កាចសាហាវ រកទទួលទានដោយការដើរចាប់កូនក្មេងជាចំណីនៅក្នុងព្រៃជ្រៅ ប្រជាប្រិយភាពរមែងត្រូវបានមនុស្សគ្រប់គ្នានិយាយច្រើនបំផុតនៅប្រទេសជប៉ុន ដោយហៅនាងព្រាយនេះថា ព្រាយចាប់កូនក្មេង នាង ២ ម៉ែត្រកន្លះ ជាពិសេសម្តាយឪពុកតែងនិយាយបន្លាចកូន ព្រោះក្មេងៗខ្លាចព្រាយ ២ ម៉េត្រកន្លះនេះណាស់។
តើព្រាយ ២ ម៉ែត្រកន្លះ ជានរណា?
ព្រាយ ២ ម៉ែត្រកន្លះ (八尺様, ឈ្មោះពេញ ហាឈីសាគូសាម៉ា ហៅក្រៅផ្លូវការថា Hasshakusama) គឺជាប្រភេទអមនុស្សរបស់ជប៉ុន (Yokai) មានមុខគួរឲ្យខ្លាច ព្រមជាមួយនឹងកម្ពស់ ៨ ហ្វីត (រង្វាស់ប្រវែងគឺប្រហែល ២ ម៉ែត្រកន្លះ) រំលេចដងខ្លួនសស្លេកស្រឡូន ក្បាលរបស់នាងពាក់មួកហាមធំ ដើរម្តងៗកម្ពស់ចុងឈើ រង្គើធ្លាក់ស្លឹកលើដានជើងដែលនាងធ្វើដំណើរ សក់វែងអន្លាយគ្របមុខ និង តួខ្នង រំលេចរង្វះមាត់នាងញញឹមស្ញេញស្ញាញ និង តែងលាន់សំឡេងគ្រលចេញសៀងមនុស្សប្រុស ដែលអ្នករស់នៅតំបន់ស្ងាត់ដាច់ស្រយាលតែងនិយាយគ្រប់គ្នាថា ពេលនាងព្រាយនេះដើរ វាតែងបញ្ចេញសូរសំឡេងឮថា «ប៉ុក! ប៉ុក! ប៉ុក! ប៉ុក! ប៉ុក! ប៉ុក!» គួរឲ្យព្រឺសម្បុរក្រៃលែង។
ជាធម្មតារាល់កុមារដែលមានអាយុពីប្រាំបួនទៅដប់មួយឆ្នាំ ដែលជាជម្រើសនាងព្រាយនេះចាប់ធ្វើចំណី គឺវាឃើញក្មេងណាម្នាក់ជាគោលដៅវាហើយ ព្រាយ ២ ម៉ែត្រកន្លះ វានឹងបញ្ចេញសំឡេងលាន់ខ្លាំង និង កាន់តែញាប់ ពេលព្រាយរូបនេះរំកិលកាន់តែជិតស្រែកសូរស័ព្ទថា ប៉ុកៗៗៗៗ ស្ទុះមកដេញសង្គ្រប់ចាប់ក្មេងនោះរត់ទៅកកេរស៊ីនៅព្រៃបាត់ស្រមោលតែម្តង។
ចាស់ៗដំណាលថា រាល់ក្មេងដែលព្រាយនេះស្រែកប៉ុកៗៗដាក់ហើយ ទោះជាវេលាថ្ងៃនេះ ក្មេងនោះមិនត្រូវបានព្រាយ ២ កន្លះម៉ែត្រចាប់បាន ពេលប៉ុន្មានថ្ងៃបន្ត នាងព្រាយនេះនឹងមករកតែក្មេងម្នាក់នោះ មិនដាច់សូរលូកយកចេញតាមបង្អួច ចាប់យកទៅពេលដេកលក់ទៅទាំងយប់ ឬ សុខៗបាត់ខ្លួនយ៉ាងស្ងាត់តែម្តង។ បច្ចុប្បន្ន ព្រាយនាង ២ ម៉ែត្រកន្លះ ស្លៀកស សក់គ្របមុខនេះ ត្រូវបានផលិតករភាពយន្ត ច្នៃសាច់រឿងមកធ្វើជាកុនរន្ធត់ រូបរាងដូចគ្នាបេះបិត ដោយប្តូរឈ្មោះនាងថា សម្មារ៉ា ជាខ្មោចងើបពីអណ្តូងទឹក លូនចេញពីទូរទស្សន៍ ដែលល្បីកក្រើកអ្នកទស្សនាកុនខ្មោចលើពិភពលោកមានចំណងជើងថា «Ringu» ឬ «THE RING»៕
ប្រភព៖ INTERNET