ផ្ទុះល្បីថា គូស្នេហ៍ក្នុងរឿង Spider Man ប្រុសស្អាត Holland និង Zendaya មានគម្រោងរៀបការហើយ
ប្រិយមិត្តអ្នកនិយមតាមដានភាពយន្តបរទេស ជាពិសេសរឿង Spider Man ប្រាកដជាបានឃើញ និង ស្គាល់មកហើយនូវតួឯកគូស្នេហ៍ក្នុងរឿងគឺ Peter និង MJ ដែលដើរតួដោយកំលោះ Tom Holland ជាមួយនឹងស្រីស្រស់ Zendaya ។
ចាប់តាំងពីធ្វើការសម្តែងជាមួយគ្នានៅក្នុងឆ្នាំ ២០១៦ មក គេសង្កេតឃើញទាំងគូនេះ មិនត្រឹមតែផ្អែមល្ហែមល្អូកល្អិនក្នុងឆាកនោះទេ តែជារឿយៗនៅក្រៅឆាក អ្នកទាំងពីរតែងបង្ហាញឱ្យឃើញពីការមានទំនាក់ទំនងអ្វីម្យ៉ាង ដែលលើសពីមិត្តរួមសម្តែង ហើយនៅកាលពីឆ្នាំ ២០២១ កន្លងទៅនេះ ទើបទាំងគូទម្លាយថា ខ្លួនកំពុងតែទាក់ទងស្នេហាគ្នាពិតប្រាកដមែន។
យ៉ាងណាមិញ តាំងពីនោះមក គូស្នេហ៍ល្បីមួយគូនេះ បានល្អូកល្អិនបង្ហាញក្តីស្រឡាញ់ឱ្យគ្នាមិនដាច់ឡើយ ដែលធ្វើឱ្យមហាជនអ្នកគាំទ្រកាន់តែចង់ឃើញពួកគេប្រើប្រាស់ជីវិតជាមួយគ្នាទៅទៀត។
យ៉ាងណាមិញ កាលពីថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២២ កន្លងទៅនេះ ស្រាប់តែមានប្រភពមួយទម្លាយចចាមអារ៉ាមមកថា Tom Holland និង Zendaya កំពុងតែគិតគូររឿងអនាគតជាមួយគ្នាហើយ ពោលគឺពួកគេកំពុងរៀបគម្រោងរៀបការនោះឯង។ ដោយឡែក សាមីខ្លួនទាំងគូ នៅមិនទាន់បានចេញមុខមកបកស្រាយនៅឡើយទេ តែមហាជនអ្នកគាំទ្រនាំគ្នារំភើបរំជើបរំជួលបាត់ទៅហើយ ម្នាក់សង្ឃឹមថា រឿងនេះនឹងក្លាយជាការពិតចុះ៕