Aum ធ្វើបុណ្យឱទ្ទិលកុសលជូន ក្មេងៗ និង អ្នកគ្រូដែលត្រូវបាត់..បង់ជីវិតទាំង ៣៩ នាក់
កាលពីថ្ងៃទី ០៦ ខែតុលា ឆ្នាំ ២០២២ កន្លងទៅនេះ ហេតុការណ៍គួរឱ្យភ្ញាក់ផ្អើលមិននឹកស្មានមួយ កើតឡើងនៅក្នុងប្រទេសថៃ បានធ្វើឱ្យមហាជនស្រណោះអាណិតខ្លោចចិត្តជាពន់ពេក ដោយមានបុរសម្នាក់បានសម្រុកទៅបាញ់រះនៅក្នុងសាលារៀនមួយកន្លែងស្ថិតក្នុងខេត្ត Nongbualamphu ដែលធ្វើឱ្យកូនសិស្ស និង គ្រូដេកស្លាប់តម្រៀបគ្នាយ៉ាងរន្ធត់បំផុត។
ជាមួយនឹងហេតុការណ៍យ៉ាងសង្វេគនេះបាននាំឱ្យមហាជនជាច្រើនសម្ដែងនូវក្ដីសោកសៅ និង បង្ហោះនូវសាររំលែកទុក្ខទៅកាន់គ្រួសារនៃសពគ្រប់ៗគ្នា។ មិនត្រឹមតែមានបងប្អូនមហាជនទូទៅប៉ុណ្ណោះដែលស្រណោះស្រណោក និង អាណិតចំពោះគ្រួសារនៃសពសូម្បីតែតារាល្បីៗ ក្នុងប្រទេសថៃក៏បានចេញមកបង្ហោះសាររំលែកទុក្ខដូចគ្នា។
ដោយឡែក ងាកទៅមើលកំពូលតារាសម្ដែងស្រី Aum Patchrapa ឯណោះវិញ បន្ទាប់ពីបានដំណឹងដ៏ក្រៀមក្រំនេះ គេឃើញថានាងបានទៅធ្វើបុណ្យនៅវត្តដោយយកនូវទេយ្យទានមួយចំនួនទៅប្រគេនព្រះសង្ឃដើម្បីឱទ្ទិសជូនក្មេងៗសិស្សសាលា និង អ្នកគ្រូដែលត្រូវបានស្លាប់ក្នុងថ្លុកឈាមយ៉ាងឃោរឃៅនៅខេត្ត Nongbualamphu៕