អីយ៉ាស់! ស្ងាត់ៗ Park Minyoung ត្រូវគេប្រមាញ់បានថាកំពុងទាក់ទងស្នេហ៍នឹងអ្នកជំនួញមានទ្រព្យស្ដុកម្នាក់
តារាសម្ដែងស្រី Park Minyoung ដែលប្រិយមិត្តនិយមទស្សនារឿងភាគកូរ៉េ ឬ K-Drama ប្រាកដជាបានស្គាល់រួចហើយតួឯកស្រី និង ជាតារាស្រីមួយរូបដែលសម្ដែងបានយ៉ាងស័ក្កិសមខ្លាំងបំផុត ជាមួយនឹងតារាសម្ដែងប្រុស Park Seojoon នៅក្នុងរឿង «What’s Wrong with Secretary Kim» ដែលបានចាក់ផ្សាយកាលពីឆ្នាំ ២០១៨ កន្លងទៅ។ គូស្នេហ៍ក្នុងរឿងមួយគូនេះ បានធ្វើឱ្យអ្នកគាំទ្រមិនតិចនោះទេ ចង់ឱ្យពួកគេទាំងពីរទាក់ទងគ្នាខាងក្រៅសាច់រឿង។
ដោយឡែក ប៉ុន្មានថ្ងៃចុងក្រោយមកនេះ តារាស្រី Park Minyoung មានចចាមអារ៉ាមថា កំពុងតែមានស្នេហាជាមួយនឹងអ្នកជំនួញដែលមានទ្រព្យស្ដុកស្ដម្ភម្នាក់ ដែលចចាមអារ៉ាមនេះ បានបង្កការចាប់អារម្មណ៍ និង ភ្ញាក់ផ្អើលខ្លាំងណាស់។
យ៉ាងណាមិញ ក្នុងថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២២ នេះ Hook Entertainment ដែលជាផលិតកម្មរបស់តារាស្រីរូបនេះកំពុងតែជ្រកកោននោះ បានអះអាងថា ឥឡូវនេះពួកគេកំពុងតែពិភាក្សាជាមួយនឹង Park Minyoung អំពីពាក្យចចាមអារ៉ាមដែលថានាងកំពុងតែមានស្នេហានោះ។
បន្ទាប់ពីខាងផលិតកម្មនោះបានអះអាងបែបនេះរួចមក ស្រាប់តែនៅក្នុងថ្ងៃដដែលនេះ សារព័ត៌មាន Dispatch ដែលជាសារព័ត៌មានដ៏ធំក្នុងប្រទេសកូរ៉េខាងត្បូងក៏បានទម្លាយពីរូបភាព ព្រមទាំងព័ត៌មានលម្អិតពីគូស្នេហ៍របស់តារាសម្ដែង Park Minyoung ផងដែរ។
តាមព័ត៌មានបានបង្ហាញដែរថា បុរសដែលគេសង្ស័យជាគូស្នេហ៍របស់ Park Minyoung មានឈ្មោះថា Kang Jong-hyeon គឺជាអ្នកជំនួញ និង ជានាយកប្រតិបត្តិដែលមានក្រុមហ៊ុនជាច្រើននៅក្នុងដៃ។ មិនតែប៉ុណ្ណោះ យោងតាមរបាយការណ៍ដែលបានចេញផ្សាយនោះគេក៏បានបន្ថែមដែរថា ពួកគេទាំង ២ បានជួបគ្នានៅពេលដែល Minyoung បានផ្លាស់ចូលទៅក្នុងផលិតកម្មថ្មីគឺ Hook Entertainment៕