កាលពីរសៀលថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅ មានករណីរលំបាក់ជញ្ជាំងរោងចក្រមួយនៅខេត្ត BÌNH ĐỊNH នៃប្រទេសវៀតណាម បណ្ដាលឱ្យកម្មករចំនួន ៥ នាក់បានស្លាប់បាត់បង់ជីវិត និង ៦ នាក់ទៀតបានរងរបួស។ ហេតុការណ៍នេះដែរ បានកើតឡើងក្នុងរោងចក្រកែច្នៃអាហាររបស់ក្រុមហ៊ុន Savvy Seafood Vietnam Co.,Ltd ដែលកំពុងសាងសង់ និង បានរលំបាក់ជញ្ជាំងភ្លាមៗក្នុងពេលដែលមានភ្លៀងធ្លាក់អមដោយខ្យល់បោកបក់ខ្លាំង។
យោងតាមសារព័ត៌មាន Viet Nam News បានចុះផ្សាយថា ប៉ូលិសកំពុងបន្តធ្វើការស៊ើបអង្កេតរកមូលហេតុនៃគ្រោះថ្នាក់នេះ។ ជាមួយគ្នានេះដែរលោក Hồ Quốc Dũng លេខាគណៈកម្មាធិការបក្សខេត្ត និង លោក Nguyễn Tuấn Thanh អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានទៅពិនិត្យកន្លែងកើតហេតុនៃឧប្បត្តិហេតុនៅព្រឹកថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២២ ដើម្បីដឹកនាំការស៊ើបអង្កេត។ បើតាមសម្ដីរបស់លោក Dũng បាននិយាយថា នេះជាករណីធ្ងន់ធ្ងរណាស់ ដោយលោកបានស្នើឱ្យស្ថាប័នពាក់ព័ន្ធស៊ើបអង្កេតរកមូលហេតុ និង បញ្ជាក់ពីការទទួលខុសត្រូវរបស់ស្ថាប័ន និង បុគ្គល ហើយលោកក៏បានថ្លែងបន្តទៀតថា៖ «អ្នកណាដែលបំពានបទប្បញ្ញត្តិនឹងត្រូវបានដោះស្រាយយ៉ាងតឹងរ៉ឹង»។
បន្ថែមពីនេះលោកវរសេនីយ៍ឯក Huỳnh Bảo Nguyên អនុប្រធាននាយកដ្ឋាននគរបាលខេត្តបាននិយាយថា តាមការស៊ើបអង្កេតដំបូងបង្ហាញថា ជញ្ជាំងមិនបានសាងសង់តាមរចនាបទត្រឹមត្រូវនោះទេ បើតាមរចនាបទសាងសង់ អ្វីសំខាន់បំផុតគឺត្រូវធ្វើធ្នឹមរួចទើបសង់ជញ្ជាំង ប៉ុន្តែជញ្ជាំងដែលបានរលំនេះ គឺសាងសង់ឡើងដោយមិនបានដំឡើងធ្នឹមឡើយ ដែលនេះហើយអាចជាមូលហេតុចម្បងនៃហេតុការណ៍បាក់រលំនេះ៕
ប្រភព៖ Vietnam News