មិននៅស្ងៀម! Miss Grand មណ្ឌលគិរី និងជាម្ចាស់ឈុតគោព្រៃ តបផាំងៗទៅអ្នករិះគន់ឈុតខ្លួនមិនសមតំណាងជាតិ
មហាជនអ្នកលេងបណ្ដាញសង្គម ជាពិសេសអ្នកគាំទ្រវិស័យកញ្ញាឯកបានជ្រាបហើយថា កម្មវិធី Miss Grand Cambodia ក្នុងឆ្នាំ ២០២២ នេះ បានរកឃើញម្ចាស់ជ័យលាភីគ្រងមកុដ Miss Grand Cambodia ២០២២ ហើយកាលពីថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០២២ កន្លងទៅនេះ ដោយបានទៅលើ កញ្ញា ពេជ្រវត្តី សារ៉ាវឌ្ឍី ដែលជាបវរកញ្ញាតំណាងឱ្យខេត្តព្រះសីហនុ។
ជាមួយនឹងការទទួលបានជ័យលាភីគ្រងមកុដ កញ្ញា ពេជ្រវត្តី សារ៉ាវ៉ាឌី នឹងត្រូវតំណាងឱ្យកម្ពុជាចូលរួមប្រកួតលើឆាកអន្តរជាតិ Miss Grand International ២០២២ នៅឯប្រទេសឥណ្ឌូនេស៊ីឆាប់ៗខាងមុខនេះ។ យ៉ាងណាមិញ មុនដល់ថ្ងៃប្រកួតមកដល់ កាលពីថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ ស្ថាប័ន Miss Grand Cambodia បានធ្វើការបង្ហាញឈុតតំណាងជាតិ ដែលនឹងត្រូវបំពាក់លើបរវកញ្ញា ពេជ្រវត្តី សារ៉ាវ៉ាឌី ត្រៀមយកទៅប្រកួតលើឆាកអន្តរជាតិ ដោយនោះគឺជាឈុត «កាហ្វេសែនមនោរម្យភូមិភាគឥសាន» របស់ Miss Grand ខេត្តមណ្ឌលគីរី។
ក្រោយពីការប្រកាសឈុតតំណាងជាតិនឹងត្រៀមទៅប្រកួតនៅលើឆាកអន្តរជាតិក្នុងប្រទេសឥណ្ឌូនេស៊ី មិនបានមប៉ុន្មានផង ស្រាប់តែមហាជនអ្នកគាំទ្រវិស័យបវរកញ្ញាជាច្រើន បានចូលបញ្ចេញមតិបង្ហាញការមិនពេញចិត្តសឹងតែគ្រប់គ្នាចំពោះឈុតនេះ និង បានបញ្ចេញមតិវែកញែករៀងៗខ្លួន។
ក្រោយផ្ទុះការបញ្ចេញមតិមិនពេញចិត្តជាច្រើន ស្រាប់តែនៅយប់ថ្ងៃដដែល កញ្ញា ចៅ សុខុម លីមី Miss Grand មណ្ឌលគីរី ២០២២ និង ត្រូវជាអ្នកច្នៃម៉ូដសម្លៀកបំពាក់ល្បីឈ្មោះមានរហ័ស្សនាមថា «ស្ករស- Skor Sor» ក៏បានចេញមុខឆ្លើយតបភ្លាមៗដល់មហាជន ដោយនាងបានបញ្ជាក់ច្បាស់ៗថា «ឱ្យមហាជន បើកចិត្តទូលាយ»។
ក្នុងវីដេអូរយៈពេលប្រមាណជាជិត ៣ នាទី កញ្ញា Skor Sor ក៏បានរៀបរាប់ថា ៖ «…ហេតុអ្វីមិនពេញចិត្ត នឹងឈុតតំណាងជាតិរបស់ខ្ញុំ? ទី ១ បើកចិត្តឱ្យទូលាយយកអ្វីដែលជារបស់ខ្មែរធ្វើ។ ឈុតហ្នឹងមានអត្ថន័យសំខាន់ខ្លាំងណាស់! យល់អត់? … នឹងត្រូវធ្វើអ្វីថ្មីៗសម្រាប់ប្រទេសខ្មែរនេះ! ឈុតហ្នឹង គេសបញ្ជាក់ឱ្យឃើញថាកាហ្វេស្រុកខ្មែរឆ្ងាញ់ជាងគេលំដាប់ប្រទស ហើយក៏ជាប្រទេសមួយដែលរកលុយបានច្រើនដែរ យល់អត់? ដោយសារតែសត្វគោហ្នឹង អ្នកទៅមណ្ឌលគីរីបានឃើញហើយរង្វង់មូលនៅខេត្តមណ្ឌលគីរីហើយ…។ ប្រជាជនស្រុកក្រៅជាច្រើនចុះមកទស្សនាខេត្តមណ្ឌលគីរី ព្រោះជាខេត្តមានសក្តនានុពល មានធម្មជាតិ មានសត្វព្រៃ ជាពិសេសកាហ្វេ។ អ្នកទាំងអស់គ្នាគិតទៅ សំណាងហើយ ដែលស្រុកខ្មែរពាំនាំអ្វីដែលថ្មីយកទៅប្រកួតលើឆាកអន្តរជាតិ គួរតែសប្បាយចិត្តទៅ…»។
ក្នុងវីដេអូនោះដែរ កញ្ញា Skor Sor ក៏បានបញ្ជាក់ច្បាស់ៗពីអត្ថន័យនៃឈុតនេះ និង បានសំណូមពរជាថ្មីដល់មហាជនឱ្យបើកចិត្តឱ្យទូលាយទទួលយកការពិត នេះគឺជាស្នាដៃចេញពីខ្មែរពិត ខ្មែរធ្វើបាន។
សូមទស្សនាវីដេអូទាំងស្រុងខាងក្រោមនេះ៖