លោកប្រធានាធិបតី Yoon Suk-yeol បានចេញមុខសុំទោសដល់ពលរដ្ឋខ្លួន ចំពោះផលលំបាកដែលពួកគេជួបប្រទះ ដោយសារតែជំនន់ទឹកភ្លៀងដ៏អាក្រក់បំផុតជាប្រវត្តិសាស្ត្រក្នុងក្រុងសេអ៊ូល និង តំបន់មួយចំនួនជុំវិញនោះ ដែលបណ្ដាលឱ្យមនុស្ស ៩ នាក់បានស្លាប់ និង ៧ នាក់កំពុងបាត់ខ្លួន។
ថ្លែងក្នុងជំនួបរដ្ឋាភិបាល នៅថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២២ នេះ លើការឆ្លើយតបនឹងគ្រោះទឹកជំនន់ក្នុងក្រុងសេអ៊ូល និង តំបន់ជុំវិញនោះ លោកប្រធានាធិបតីប្រទេសកូរ៉េខាងត្បូងរូបនេះបាននិយាយថា ៖ «ខ្ញុំសុំធ្វើការបួងសួងដល់ជនរងគ្រោះទាំងអស់ ហើយក៏សុំអភ័យទោសក្នុងនាមជារដ្ឋាភិបាលម្នាក់ ចំពោះពលរដ្ឋដែលរងការលំបាកដោយទឹកជំនន់នេះ»។
ដោយឡែក ក្នុងកិច្ចប្រជុំរដ្ឋាភិបាលផ្សេងមួយទៀតក្នុងថ្ងៃដដែលនេះ លោកប្រធានាធិបតី Yoon បានណែនាំឱ្យមន្ត្រីទាំងអស់ធានាថា ជនទន់ខ្សោយ និង ជនដែលងាយរងគ្រោះ គឺត្រូវបានការពារពីការបំផ្លាញដោយជំនន់ទឹកភ្លៀងក្នុងសប្ដាហ៍នេះ។
គួរឱ្យដឹងថា ការចេញមុខសុំទោសជាសាធារណៈរបស់លោកប្រធានាធិបតីកូរ៉េខាងត្បូងនេះ បានធ្វើឡើងត្រឹមមួយថ្ងៃក្រោយ រូបលោកបានទៅចុះមើលផ្ទាល់ដល់អគារស្នាក់នៅពាក់កណ្ដាលជាន់ក្រោមដី នាក្រុងសេអ៊ូល ដែលជាកន្លែងមួយគ្រួសារដែលមានសមាជិក ៣ នាក់ បានស្លាប់ដោយគ្រោះទឹកជំនន់នោះ៕