ក្រុមអ្នកគាំទ្រអតីតតារាចម្រៀង និង សម្ដែង Marilyn Monroe បានចោទប្រកាន់តារាស្រី Kim Kardashian ថា បានធ្វើឱ្យរ៉ូបដ៏មានតម្លៃរបស់ Marilyn ស្លៀកច្រៀងចម្រៀងខួបកំណើតជូនប្រធានាធិបតី John F.Kennedy ក្នុងឆ្នាំ ១៩៦២ នោះ មានការខូចខាត ក្រោយរូបនាងយករ៉ូបដ៏ថ្លៃមហាសាលមួយនេះស្លៀកបង្អួតរាងក្នុងកម្មវិធី Met Gala កាលពីខែមុន។
កាលពីថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២២ កន្លងទៅ The Marilyn Monroe Collection បានធ្វើការចែកចាយរូបភាពមួយចំនួននៃរ៉ូបតម្លៃ ៥ លានដុល្លារមួយនេះ ដែលដាក់តាំងឡើងវិញនៅឯសារមន្ទីរ Ripley’s Believe It or Not! ដោយពួកគេបានអះអាងថា រ៉ូបនៅពេលនេះ គឺបានបានការខូចខាតដាច់ជ្រុះត្បូង សល់តែសរសៃអំបោះ។
ទោះជាយ៉ាងណា ប្រភពជិតស្និទ្ធនឹង Kim Kardashian បានថ្លែងប្រាប់សារព័ត៌មាន Dailymail ថា រូបភាពនៃសភាពរ៉ូបដែលបានបង្ហោះនោះគឺមិនត្រឹមត្រូវឡើយ ហើយការចោទប្រកាន់ថា នាងជាអ្នកបំផ្លាញរ៉ូបនេះទៀតសោត គឺខុសទាំងស្រុង។
គួររំឭកថា តារាស្រី Kim Kardashian គឺជាតារាទីមួយ ដែលបានជួលរ៉ូបដ៏មានតម្លៃថ្លៃមួយនេះពីមន្ត្រីប្រចាំសារមន្ទីរ ដែលរ៉ូបនេះដែរ ត្រូវបានរក្សាទុកក្នុងកន្លែងល្អបំផុត ចាប់តាំងពីវាត្រូវបានទិញដេញថ្លៃយកក្នុងតម្លៃ ៥ លានដុល្លារក្នុងឆ្នាំ ២០១៦ មក៕