គិតថាខ្លួនក្មេង សំងំព្យាបាលកូវីដនៅផ្ទះជាង ១០ ថ្ងៃ រហូតធ្វើទុក្ខខ្លាំងទ្រាំលែងបាន ទើបហៅឡានពេទ្យ
ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ជាព្រឹត្តិការណ៍រីករាលដាល ជំងឺកូវីដ-១៩ អូសបន្លាយពេលយូរជាងគេ ក្នុងចំណោមព្រឹត្តិការណ៍កូវីដផ្សេងៗនៅកម្ពុជា ដែលបាននឹងកំពុងបន្តរីករាលដាល និង ពុំទាន់មានសញ្ញាណថមថយនៅឡើយ។ ក្នុងនោះ គេសង្កេតឃើញ មានអ្នកជំងឺជាមនុស្សចាស់ អ្នកមានវ័យកណ្ដាល និងកុមារា កុមារី បានឆ្លង ជាបន្ដបន្ទាប់។
ជុំវិញនឹងការឆ្លងនេះផងដែរ តាមរយៈគណនីរបស់ស្ត្រីម្នាក់ដែលមានឈ្មោះ Sodenyta Nuon បានដាច់ចិត្តទម្លាយឱ្យដឹងថា ខ្លួនបានកើតជំងឺកូវីដ-១៩ នឹងបានសំងំព្យាបាលនៅក្នុងផ្ទះ អស់រយៈពេលប្រមាណជាង ១០ ថ្ងៃ រហូតដល់ធ្វើទុក្ខខ្លាំង ដកដង្ហើមមិនដល់គ្នា ទ្រាំទៅមុខលែងរួច ទើបសម្រេចចិត្ត ទាក់ទងហៅឡានពេទ្យយកទៅព្យាបាលនៅមន្ទីរពេទ្យតែម្ដង ។
ស្ត្រីដែលជាអ្នកជំងឺផ្ទាល់ខាងលើ បានរៀបរាប់ឱ្យដឹងទៀតថា មូលហេតុដែលខ្លួននៅទ្រាំព្យាបាលនៅផ្ទះបែបនេះ ដោយសារតែគិតឃើញថា ខ្លួននៅក្មេងបែបនេះ តែពីរអាទិត្យអីអាចនឹងធូរហើយ តែបែរជាកន្លងផុត ១០ ថ្ងៃហើយនៅតែបន្តធ្វើទុក្ខឥតស្រាក ស្ទើរតែទ្រាំមិនបាន ទើបដាច់ចិត្តទៅព្យាបាលនៅមន្ទីរពេទ្យ ។ ក្រោយពេលឡានពេទ្យមកដល់ ខ្លួនត្រូវបានគេដាក់អុកស៊ីហ្សែនឱ្យរហូតតាំងពីក្នុងឡាន រហូតមកដល់ពេទ្យ និងបានពិនិត្យសុខភាពគ្រប់មុខ តាមផ្នែកក្នុងខ្លួនទាំងអស់ ទើបរកឃើញថា ខ្លួន មានបញ្ហារលាកសួតធ្ងន់ធ្ងរ ( lungebetændelse af covid ) និង សំពាធឈាមចុះខ្លាំង ។
ដោយឡែក បើតាមការបញ្ជាក់បន្ថែមរបស់អ្នកជំងឺរូបនេះ បានឱ្យដឹងថា បច្ចុប្បន្ន រូបនាងបាននៅពេទ្យពីរយប់ ពីរថ្ងៃ ហើយ ហើយអាការល្អជាងនៅផ្ទះច្រើន និងមិនសូវធ្វើទុក្ខដូចនៅផ្ទះ តែនាងមិនអាចអត់អុកស៊ីហ្សែនបាននៅឡើយទេ សូម្បីតែចូលបន្ទប់ទឹក រីឯស្ថានភាពគឺបានធូរស្រាលច្រើន ប្រហែល ៣០ ទៅ ៤០% ហើយ ៕