អ្នកនៅបណ្ដោយស្ទឹងព្រែកត្នោតសូមប្រយ័ត្នខ្ពស់! ទ្វារទឹកទំនប់តាសាលនៅស្រុកឱរ៉ាល់ ត្រូវបានបើក ដើម្បីរំដោះទឹក
រដ្ឋបាលខេត្តកំពង់ស្ពឺ កាលពីយប់ថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២៣ កន្លងទៅ បានចេញសេចក្ដីជូនដំណឹងមួយស្ដីពីស្ថានភាពទឹកទំនប់តាសាលជូនជាពិសេសសម្រាប់ប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្ដោយដងស្ទឹងព្រែកត្នោត។
យោងតាមសេចក្ដីជូនដំណឹងបានឱ្យដឹងថា ស្ថានភាពទឹកក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ក្នុងកម្រិត ១២៥ មីលីម៉ែត្របណ្ដាលឱ្យកម្រិតកម្ពស់ទឹកនៅស្ថានីយអាងទឹកទំនប់តាសាល ឃុំតាសាល ស្រុកឱរ៉ាល់ មានកម្ពស់ ២១ ម៉ែត្រ ខ្ពស់ជាងខ្នងទំនប់បង្ហៀរកម្ពស់ ២ ម៉ែត្រ ដែលស្ថានភាពបែបនេះមន្ទីរជំនាញបានបើកទ្វារទឹកចំនួន ៣ ទ្វារ ដោយបើក ២ ទ្វារកម្ពស់ ២ ម៉ែត្រ និង ទ្វារ ១ ទៀតកម្ពស់ ៣ ម៉ែត្រ។
អាស្រ័យហេតុនេះ រដ្ឋបាលបានអំពាវនាវឱ្យប្រជាពលរដ្ឋ រួមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មេត្តាជ្រាបជាព័ត៌មាន និង ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់បំផុត៕