ទៅដល់ខេត្តក្រចេះ គួរតែបង្ហួសទៅលេងសួនកម្សាន្តជើងភ្នំសំបុក
ប្រសិនបើលោកអ្នកបានទៅដល់ ទឹកដីខេត្តក្រចេះហើយនោះ គួរតែបង្ហួសដំណើរបន្តិច ដើម្បីទៅលំហែកាយ និង ស្រូបយកខ្យល់អាកាសនៅជើងភ្នំសំបុកម្តង វានឹងធ្វើឱ្យលោកអ្នកមានអារម្មណ៍ស្រស់ស្រាយ ជាមិនខានឡើយ ។
សួនកម្សាន្ត ជើងភ្នំសំបុក មានទីតាំងនៅជើងភ្នំសំបុក ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ នៅទីនោះភ្ញៀវទេសចរ អាចចូលថតរូបជាមួយផ្កាយ៉ាងស្រស់ស្អាត ធម្មជាតិ ព្រៃព្រឹក្សាដ៏ស្រស់បំព្រង នៃភ្នំសំបុកបង្កើតបានជាបរិយាកាសមួយយ៉ាងរីរាយក្រៃលែង ។ ក្រោយពីដើរលេងនៅតាមសួនច្បារ និង ជិះកង់នៅតាមជើងភ្នំរួចហើយ ភ្ញៀវទេសចរ អាចអង្គុយលេងក្នុងរោងដំបូលស្បូវ ដោយមិនគិតប្រាក់ឡើយដោយគ្រាន់តែកុម្ម៉ង់ម្ហូបអាហារ ក្នុងតម្លៃសមរម្យប៉ុណ្ណោះ ។
ភ្នំសំបុក ត្រូវបានរៀបចំឱ្យទៅជារមណីយដ្ឋានតាំងពីសម័យសង្គមរាស្រ្តនិយមមកម្ល៉េះ ដែលកាលពីមុនមានទីតាំងស្ថិតក្នុងឃុំថ្មគ្រែ ស្រុកក្រចេះ ខេត្តក្រចេះ ចម្ងាយ ១១ គីឡូម៉ែត្រ ប៉ែកឧត្តរពីទីរួមខេត្ត តាមផ្លូវជាតិលេខ៧ និង ចុះពីផ្លូវជាតិលេខ៧ ទៅភ្នំប្រមាណជា ៥០០ម៉ែត្រ។
រមណីយដ្ឋានប្រវត្តិសាស្ត្រភ្នំសំបុក មានទស្សនីយភាពធម្មជាតិដ៏ល្អត្រកាល និង លក្ខណៈអំណោយផលល្អទាំងភូមិសាស្រ្ត និង សុវត្តិភាពដល់ភ្ញៀវទេសចរ។ នៅជាប់ជើងភ្នំប៉ែកខាងលិចមានបឹងដ៏ធំមានទឹកថ្លាឆ្វេង និង មានធម្មជាតិដុះឡើងស្រស់បំព្រង។ រីឯកំពូលភ្នំព្រែកជាពីរ មួយទាប មួយខ្ពស់ ពេលឡើងដល់កំពូលភ្នំ គេអាចមើលឃើញទិដ្ឋភាពនៅផ្នែកខាងក្រោមភ្នំ ជាពិសេសដងទន្លេមេគង្គ ៕
ដោយ៖សុថាត់