តំបន់អេកូ បុរីអូរស្វាយ នៅខេត្តស្ទឹងត្រែង ភាគឦសានប្រទេស ល្បីមានមានទេសភាពស្អាតដូចក្នុងរូបគំនូ
បុរីអូរស្វាយ គឺជាតំបន់អេកូទេសចរណ៍ធម្មជាតិមួយស្រស់ស្អាតក្នុងចំណោមតំបន់ទេសចរណ៍មួយចំនួនទៀត នៅតាមបណ្តោយដងទន្លេមេគង្គ ភាគឦសាន នៃប្រទេសកម្ពុជា ។ បុរីអូរស្វាយនេះមានទីតាំជាក់ស្តែងស្ថិតនៅក្នុងខេត្តស្ទឹងត្រែង ហើយវាសម្បូរទៅដោយធនធានធម្មជាតិពិតៗប្លែកៗគួរជាទីទាក់ទាញអារម្មណ៍ ។
ក្នុងរដូវទឹកសម្រក នៅបរិវេណបុរីអូរស្វាយ មានភ្ញៀវទេសចរខ្មែរ និង បរទេសបាននាំគ្នាទៅលេងនៅទីនោះយ៉ាងច្រើនកុះករក្នុងភាពសប្បាយរីករាយជាមួយនឹង ធម្មជាតិដ៏ស្រស់បំព្រងតាមដងទន្លេមេគង្គ ជាពិសេសធម្មជាតិចម្រុះដ៏សម្បូរបែបនៃតំបន់វាលរាំសាដែលត្រូវបានគេចាត់ទុកថាជាតំបន់ដីសើមអន្តរជាតិ ។
តំបន់អេកូទេសចរណ៍ បុរីអូរស្វាយ ស្ថិតនៅក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។ គេអាចធ្វើដំណើរតាមផ្លូវគោក ឬ ផ្លូវទឹកក៏បាន ដោយចេញពីទីរួមខេត្តស្ទឹងត្រែង ទៅកាន់តំបន់ទេសចរណ៍អូរស្វាយបានដូចគ្នា ។ នៅពេលទៅដល់តំបន់ទេសចរណ៍នោះនឹងធ្វើឱ្យលោកអ្នកជក់ចិត្តដិតអារម្មណ៍ជាមួយ ទិដ្ឋភាពបែបធម្មជាតិពិតៗដ៏ស្រស់ត្រកាល នៃតំបន់ភាគឦសាន នៃប្រទេសកម្ពុជា ។
នៅទីនោះភ្ញៀវទេសចរអាចទស្សនា និង កម្សាន្តរីករាយដោយក្តីត្រេកត្រអាលជាមួយនឹងតំបន់រាំសាដែលជាតំបន់ដីសើមអន្តរជាតិ មានព្រៃលិចទឹកល្អស្អាត មានថ្មប៉ប្រះទឹក សត្វស្លាប ហើយថែមទាំងអាចមុជទឹកលេងកម្សាន្តនៅតាមកោះនានា មានដីខ្សាច់ពណ៌ស និង ទឹកថ្លាឈ្វេងនៅរដូវប្រាំង ។
ភ្ញៀវទេសចរអាចមើលតំបន់ប្រវត្តិសាស្ត្របុរីអូរស្វាយនេះ ដោយមានស្តូបដែលបានបន្សល់ទុកតាំងពីសម័យសង្គមរាស្ត្រនិយម គឺរូបសំណាកព្រះមហាវីរក្សត្រ នរោត្តម សីហនុ និង ស្លាកសញ្ញា ៥ ឆ្នាំនៃការអភិវឌ្ឍផែនការលើកទី ១ សង្គមរាស្ត្រនិយម ព្រមទាំងមានតំបន់ប្រវត្តិសាស្ត្រផ្សេងៗទៀតនៅក្នុងភូមិ អូរស្វាយ ។
សព្វថ្ងៃនេះ ចំពោះការធ្វើដំណើរទៅកាន់ទីនោះគឺមិនពិបាកអ្វីទេ ព្រោះផ្លូវល្អអាចធ្វើដំណើរបានដោយរថយន្ត និង ម៉ូតូ ឬ ដោយទូកក៏បាន ដែលភ្ញៀវបរទេសភាគច្រើននិយមធ្វើដំណើរដោយទូក ព្រោះគេចង់មើលតំបន់រាំសាដែលមានទិដ្ឋភាពទន្លេមេគង្គ ហើយមើលបង្គោលថ្មនៅតាមបណ្តោយទន្លេមេគង្ គដែលបារាំងបានបោះសម្រាប់ចំណាំក្នុងការធ្វើចរាចរផ្លូវទឹក កាលពីជំនាន់អាណានិគមនិយមបារាំង រួមទាំងទស្សនាសត្វផ្សោតថែមទៀតផង ៕
ដោយ៖សុថាត់