ដឹងទេថា ប្រាសាទបន្ទាយស្រី ភ្ញៀវទេសចរចាប់អារម្មណ៍លើអ្វីជាងគេ ?
បើទោះជាប្រាសាទ បន្ទាយស្រី មានបរិវេណតូចចង្អៀតបន្តិចក៏ពិតមែន តែគេសង្កេតឃើញមានភ្ញៀវទេសចរ ទៅទស្សនាកម្សាន្តមិនចាញ់ប្រាសាទអង្គរវត្តឡើយ ហើយបើបានទៅម្តងហើយ ក៏នៅតែចង់ទៅទៀត ។ មូលហេតុដែលប្រាសាទបន្ទាយស្រីទាក់ទាញអារម្មណ៍ភ្ញៀវទេសចរខ្លាំងបែបនេះ ដោយសារទ្រង់ទ្រាយប្រាសាទលម្អទៅដោយចម្លាក់ផ្កាភ្ញី នៃរឿងរ៉ាវ ដែលទាក់ទងទៅនឹងលទ្ធិទេវរាជ “រឿងរាមកេរ្តិ៏ខែ្មរ” មិនត្រឹមតែប៉ុណ្ណោះ ចម្លាក់នីមួយៗសុទ្ធតែមានលក្ខណៈរស់រវើក បើប្រៀបធៀបទៅនឹងប្រាសាទដទៃទៀត ដែលជាប្រាសាទចំណាស់ និង មានរចនាបថដ៏ល្អមិនចាញ់ប្រាសាទអង្គរវត្តឡើយ ។
ប្រាសាទបន្ទាយស្រី គឺជាប្រាង្គប្រាសាទមួយក្នុងចំណោមប្រាសាទជាច្រើននៅខេត្តសៀមរាបអង្គរដ៏ល្បីល្បាញនៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅលើពិភពលោកដែរ ដែលបានទាក់ទាញភ្ញៀវទេសចរជាតិ និង អន្តរជាតិយ៉ាងច្រើនកុះករមកពីតំបន់ផ្សេងៗ ។
ក្រុមភ្ញៀវទេសចរដែលបានទៅទស្សនាប្រាង្គ “ប្រាសាទអង្គរវត្ត” និង ប្រាសាទដទៃទៀត នៅក្នុងទឹកដី នៃខេត្តសៀមរាប តែងតែមិនភ្លេចឆ្លៀតពេលធ្វើដំណើរក្នុងរយៈចម្ងាយដ៏ឆ្ងាយ ពីទីរួមខេត្តទៅទស្សនាប្រាសាទបន្ទាយស្រីដែរ ។
ប្រាសាទបន្ទាយស្រីមានឈ្មោះល្បី ព្រោះវាត្រូវបានសាងសង់ឡើងពីថ្មផ្កាឈូក ជាមួយនឹងក្បាច់ចម្លាក់ យ៉ាងល្អិតឆ្មាររស់រវើកជាងគេ ដោយមានតួប្រាង្គបី ដែលមានសភាពល្អឆើតឆាយ ដូចស្រីគ្រប់លក្ខណ៍ ។ ប្រាសាទនេះសង់លើដីរាបស្មើមានរាងតូចច្រឡឹង ដោយថ្មភក់ផ្កាឈូក និង ឥដ្ឋរាង ៤ ជ្រុងទ្រវែង ហើយមានគូទឹកព័ទ្ធជុំវិញប្រាង្គទាំងបីនៃប្រាសាទសង់បែរមុខទៅទិសខាងកើត ហើយប្រាង្គកណ្តាលមានតម្កល់ លិង្គព្រះឥសូរ ខាងត្បូងឧទ្ទិសថ្វាយដល់ព្រហ្មញ្ញសាសនា និង ខាងជើងឧទ្ទិសថ្វាយដល់ព្រះវិស្ណុ ។
ប្រាសាទ បន្ទាយស្រី កាលដើមឡើយមានឈ្មោះថា “ឥសូរបុរៈ” ប្រែថា “បុរីនៃឥសូរ” ប៉ុនែ្តសម័យ ក្រោយៗមកទៀតគេហៅថា “ប្រាសាទបន្ទាយស្រី” ទៅវិញដោយសារតែរាងតូចច្រឡឹង និង ក្បូរក្បាច់ រចនាដ៏ស្រស់ស្អាត និង រស់រវើកនៅលើផ្ទាំងថ្មពណ៌ផ្កាឈូក ។
មិនត្រឹមតែប៉ុណ្ណោះ ប្រាសាទនេះបានទទួលការកោតសរសើរពីភ្ញៀវទេសចរសឹងគ្រប់រូបថា ពិតជាស្រស់ស្អាត ទោះបីជាមានបរិវេណតូចចង្អៀត បន្តិចក៏ពិតមែន តែទ្រង់ទ្រាយប្រាសាទលម្អទៅដោយចម្លាក់ផ្កាភ្ញី នៃរឿង រ៉ាវដែលទាក់ទងទៅនឹងលទ្ធិទេវរាជ “រឿងរាមកេរ្តិ៏ខែ្មរ” មិនត្រឹមតែប៉ុណ្ណោះចម្លាក់នីមួយៗសុទ្ធតែមានលក្ខណៈរស់រវើក បើប្រៀបធៀបទៅនឹងប្រាសាទដទៃ ។
ប្រាសាទបន្ទាយស្រី ស្ថិតនៅក្នុងភូមិបន្ទាយស្រី ឃុំបន្ទាយស្រី ស្រុកបន្ទាយស្រី ចម្ងាយ ៣៩ គីឡូម៉ែត្រ ភាគខាងជើងទីរួមខេត្តសៀមរាប ឃ្លាតពីស្រះស្រង់ ២៧ គីឡូម៉ែត្រ និង មានចម្ងាយ ៣២ គីឡូម៉ែត្រ ពីប្រាសាទអង្គរវត្តតាមផ្លូវឆ្ពោះទៅភ្នំគូលេន ។
តាមឯកសារប្រវត្តិសាស្រ្តអាណាចក្រខ្មែរបានកត់ត្រាថា «ប្រាសាទបន្ទាយស្រីបានកសាងឡើងក្នុងគ្រិស្តសករាជ ៩៦៧ ក្នុងរជ្ជកាល ព្រះបាទរាជេន្រ្ទវរ្ម័ន គឺមុនការកសាងប្រាសាទអង្គរវត្ត និង អង្គរធំ ដោយព្រហ្មណ៍ម្នាក់ឈ្មោះយជ្ញវរាហៈ ដែលជាព្រះគូ្ររបស់ ព្រះបាទជ័យវរ្ម័នទី៥ ដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនា។
ប្រាសាទបន្ទាយស្រី ធ្វើពីថ្មភក់ពណ៌ស៊ីជម្ពូ និង រំលេចដោយទេពអប្សរចំនួន ១៥០០ ដែលទេពអប្សរទាំងអស់ សុទ្ធតែខុសគ្នា ហើយលើសពីនេះសិលាចារឹក ផ្កាភ្ញីនៅប្រាសាទបន្ទាយស្រីមានក្បាច់ល្អលើសពីក្បាច់ចម្លាក់នៅលើ ប្រាសាទអង្គរវត្ត ទៅទៀតគឺដូចជាក្បាច់ ដែលបានឆ្លាក់លើប្រាក់ លើស្ពាន់ដូច្នេះដែរ ៕
ដោយ ៖ ដេវីត