ទៅលេងសៀមរាបលើកក្រោយ ជិះទូកមើលថ្ងៃលិចនៅទន្លេអុំឱ្យសប្បាយម្តង !
ការជិះទូកកម្សាន្តនៅតាមដងទន្លេអុំ ដែលគេឱ្យឈ្មោះថា គង្គាអង្គរ ទោះបីជាដំណើរការទៅជិត១០ឆ្នាំទៅហើយក្តី ក៏ទីនោះនៅតែជាទី ចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរជាតិ និង ភ្ញៀវទេសចរអន្តរជាតិ ។
ប្រសិនបើយើងចង់ទៅជិះទូកកម្សាន្តនៅទន្លេអុំ យើងគ្រាន់តែធ្វើដំណើរ នៅលើកំណាត់ផ្លូវមុខប្រាសាទ អង្គរវត្តឆ្ពោះទៅទិសខាងជើង ដល់ខ្លោងទ្វារខាងត្បូងរបស់ប្រាសាទបាយ័ននោះ យើងនឹងបានឃើញរូបសំណាកយក្សទាញព្រ័ត្រនៅលើស្ពានចូលបរិវេណប្រាសាទអង្គរធំ ហើយក្រឡេកមើលទៅខាងឆ្វេងដៃ នោះយើងនឹងបានឃើញផ្ទៃទឹកល្ហល្ហេវព័ទ្ធជុំវិញកំពែងខាងក្រៅប្រាសាទអង្គរធំ ទីនោះហើយជាទន្លេអុំ ។
នៅទីនោះមានទូកចែវ ដោយដៃដែលមានអ្នកចែវខ្លះ ស្លៀកពាក់ក្នុងសម្លៀកបំពាក់សម័យអង្គរ រង់ចាំភ្ញៀវទេសចររួចជាស្រេចដើម្បីជូនដំណើរភ្ញៀវទស្សនា ។ ទូកដែលនាំភ្ញៀវទេសចរខ្លះមានរាងដូចនាគ និង ទូកខ្លះមានរាងដូចជាហង្សរង់ចាំស្វាគមន៍ភ្ញៀវទេសចរ ដែលទៅជិះទូកកម្សាន្តនៅទីនោះ ។
នៅពេលដែលយើងបានឡើងជិះនៅលើទូកនោះ វាហាក់បីដូចជានាំរូបយើងទៅកាន់អតីតកាលនៃ យុគសម័យបុរាណដ៏ត្រចះត្រចង់មួយ ដែលពោរពេញទៅដោយភាពអស្ចារ្យ និង អច្ឆរិយៈ ដែលយើងពុំដែល បានជួបប្រទះនាពេលកន្លងមក ពោលគឺយើងបានត្រឹមតែឮ និង បានត្រឹមតែជាក្តីស្រមៃប៉ុណ្ណោះ ។
ប៉ុន្តែពេលនេះ គង្គាអង្គរបាននាំរូបយើងឱ្យទៅកាន់ក្តីស្រមៃពិតៗ ដោយដំណើរកម្សាន្តតាមដងទន្លេអុំ នៅពេលដែលយើងកំពុងជិះទូកកម្សាន្តនៅតាមដងទន្លេអុំ យើងអាចមើលឃើញខ្លោងទ្វារចូលពីខាងត្បូងកំពែងប្រាសាទផ្នែកខាងក្រៅពីជ្រុងខាងជើងរហូតដល់ជ្រុងខាងលិច ពិសេសនោះនៅពេលភ្ញៀវទេសចរអាចទស្សនាទិដ្ឋភាពថ្ងៃលិច ដូចការទស្សនាថ្ងៃលិចនៅលើកំពូលភ្នំបាខែងដែរ ។
នៅពេលទស្សនាតាមដងទន្លេអុំ យើងនឹងបានឃើញទេសភាពដ៏ស្រស់ត្រកាលនៃព្រៃព្រឹក្សា បក្សាបក្សី និង សំឡេងទឹករលកបោកច្រាំងបង្កើតបានជាតន្ត្រីធម្មជាតិមួយយ៉ាងពីរោះជក់ចិត្ត ធ្វើឱ្យអារម្មណ៍របស់យើងអណ្តែតអណ្តូងប្រៀបបីដូចខ្លួនយើងកំពុងស្ថិត នៅក្នុងយុគសម័យបុរាណមួយយ៉ាងពិតៗ ៕
ដោយ៖សុថាត់