ឃើញទេសភាពទឹកជ្រោះចាអុង ស្រស់ស្អាតបែបនេះ មានអារម្មណ៍ចង់ទៅលេងភ្លាម !
នៅលើទឹកដីខេត្តរតនគិរី មានតំបន់ទឹកជ្រោះធម្មជាតិជាច្រើនកន្លែង ដែលលាក់ខ្លួនពួនអាត្មា នៅតាមជ្រលងព្រៃភ្នំ ។ រាល់តំបន់ទឹកជ្រោះទាំងនោះគឺមានទេសភាពស្រស់បំព្រងណាស់ នាដើមរដូវ វស្សានេះ ជាពិសេសទឹកជ្រោះចាអុងតែម្តងដែលត្រូវបានគេគ្រប់គ្នាចាត់ទុកថា ជាតំបន់ទឹកជ្រោះដ៏ស្រស់ស្អាតជាងគេនៅខេត្តរតនគិរី ។
ទឹកជ្រោះចាអុងមានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រកុលសម្ព័ន្ធភ្នំ គ្រឹង ភូមិចាអុង ឃុំចាអុង ស្រុកអូរជុំ ខេត្តរតនគិរី ។ ដើម្បីទៅដល់ទឹកជ្រោះចាអុងនេះ ចាំបាច់គេត្រូវធ្វើដំណើរចម្ងាយ២ គីឡូម៉ែត្រ ចេញពីក្រុងបានលុងតាមផ្លូវជាតិលេខ ៧៨ បន្ទាប់មក បត់ស្តាំរួចចូលទៅតាមផ្លូវលំនោះប្រហែលជា៦គីឡូម៉ែត្រទៀតនឹងបានទៅដល់ទឹកជ្រោះចាអុងជាមិនខាន។ ក្នុងពេលឈានជើងមកដល់តំបន់ទឹកជ្រោះចាអុង ក្នុងរដូវភ្លៀងធ្លាក់ដំបូងគេយ៉ាងដូច្នេះ គឺគ្រប់ភ្ញៀវទេសចរជាតិ ក៏ដូចជាភ្ញៀវបរទេសគឺប្រាកដជានឹងបានសប្បាយរីករាយជាមួយនឹង ធាតុអាកាសដ៏សែនត្រជាក់បក់ប៉ះនឹងរាងកាយ ធ្វើឱ្យយើងរីករាយក្រៃលែង ។
ទឹកជ្រោះចាអុងមានប្រភពទឹកហូរធ្លាក់មកពីភ្នំឥសីបតមៈហៅ ភ្នំស្វាយដែលនៅ ជិតក្រុងបានលុង ដែលហូរធ្លាក់មានកម្ពស់ ២៥ ម៉ែត្រហូរខួបប្រាំង ខួបវស្សា ប៉ុន្តែនៅរដូវប្រាំងទឹកហូររឹមៗប៉ុណ្ណោះ ។ នៅជុំវិញតំបន់ទឹកធ្លាក់ចាអុងនេះដែរ ហ៊ុមព័ទ្ធទៅដោយដើមរុក្ខជាតិដុះ ឡើងជាច្រើនបានបង្អួតសម្រស់លាយឡំជាមួយនឹងខ្សែទឹកធ្លាក់បែកផ្សែង ប៉ះជាមួយមែកឈើ និង វល្លិ៍ធ្លាក់រយីងរយោងបង្កើតបានជាឥន្ទធនូនៅក្នុងពន្លឺថ្ងៃ ។ ដើម្បីឱ្យមានភាពងាយស្រួលដល់ភ្ញៀវទេសចរនោះ បច្ចុប្បន្នគេបានសាងសង់ជណ្តើរដើម្បីឱ្យភ្ញៀវទេសចរស្រួលចុះពីលើកំពូលភ្នំទៅដល់បាតជ្រោះចាអុងតែម្តង ។
រមណីយដ្ឋានទេសចរណ៍ធម្មជាតិទឹកជ្រោះចាអុងពិតជាមានទេសភាពស្រស់ស្អាតខ្លាំង ហើយបើតាមការនិយាយប្រាប់របស់មន្ត្រីនៃមន្ទីរទេសចរណ៍ខេត្តរតនគិរីបានឱ្យដឹងថា ទឹកជ្រោះ ចាអុងមានអំណោយផលខាងធនធានធម្មជាតិខ្លាំងណាស់ ពីព្រោះនៅតំបន់នេះ វានៅរក្សាបាននូវភាពដើមទាំងស្រុង ហើយបើប្រៀបធៀបនឹងតំបន់ទឹកជ្រោះ មួយចំនួនទៀត ដែលមាននៅលើទឹកដីខេត្តរតនគិរីគឺមិនមានកន្លែងណាដូចទឹកជ្រោះចាអុងនេះឡើយ៕
ដោយ៖ សុថាត់