ទាក់ភ្នែកជាមួយប្រាសាទបាណន់ រមណីយដ្ឋានវប្បធម៌ និង ធម្មជាតិដ៏ល្បីនៅខេត្តបាត់ដំបង !
ប្រាសាទបាណន់គឺជារមណីយដ្ឋានវប្បធម៌ និង ធម្មជាតិមួយ ដែលស្ថិតនៅលើកំពូលភ្នំបាណន់ ប្រាសាទនេះមានចម្ងាយប្រមាណជា ២០ គីឡូម៉ែត្ នៅរភាគខាងត្បូងពីទីរួមខេត្តបាត់ដំបង ភ្ញៀវទេសចរត្រូវធ្វើដំណើរតាមផ្លូវលេខ ១៥៧១ ឬ ផ្លូវលេខ ៨០០ តាមដងស្ទឹងសង្កែ ប្រាសាទនេះមានទីតាំងស្ថិតនៅ ភូមិបាណន់ ឃុំកន្ទឺរ២ ស្រុកបាណន់ ខេត្តបាត់ដំបង ។
ប្រាសាទបាណន់ត្រូវបានកសាងឡើង នៅពាក់កណ្តាល សតវត្សទី ១១ និង បញ្ចប់នៅចុងសតវត្សទី ១២ ព្រះមហាក្សត្រខ្មែរដំបូង ដែលបានកសាងប្រាសាទនេះ មានព្រះនាមព្រះបាទឧទ្ទយ្យ វរន្ម័នទី២ (១០៥០ – ១០៦៦) និង បញ្ចប់ដោយព្រះបាទជ័យវរន្ម័នទី៧ (១១៨១ – ១២១៩) ប្រាសាទនេះកសាងនៅលើកំពូល ភ្នំបាណន់ ជាប់គ្នាពីមួយទៅមួយដូចប្រាសាទអង្គរវត្ត កសាងឡើងអំពីថ្មបាយគ្រាម និង ថ្មភក់ ។
ប្រាសាទបាណន់គឺ វាស្ថិតនៅលើកំពូលភ្នំ ហើយនៅជើងភ្នំមានល្អាងពីរ គឺល្អាង បិទមាស និង ល្អាងឈូង នៅជើងភ្នំមានដើមឈើជាច្រើនប្រភេទដុះចម្រុះគា្ន ដែលផ្តល់ជាម្លប់ដ៍ត្រជាក់ សម្រាប់ភ្ញៀវទេសចរ នៅបរិវេណជើងភ្នំមានភោជនីយដ្ឋាន និង តូបលក់អាហារ ផ្លែឈើ និង វត្ថុអានុស្សាវរីយ៍ មានសន្តិសុខយាមកាមធានាសន្តិសុខ និង សុវត្ថិភាពបានយ៉ាងល្អ ហើយមានស្រះទឹកធំទូលាយ ដែលភ្ញៀវអាចជិះទូកលេង និង សម្រាក់យកខ្យល់អាកាស។ រមណីយដ្ឋាននេះ ជាកន្លែងពិសេសសម្រាប់សម្រាកលំហែរកាយនៅឱកាសថ្ងៃឈប់សម្រាក់ផ្សេងៗ ៕
ដោយ៖សុថាត់