ក្នុងពិធីបុណ្យចូលឆ្នាំចិន-វៀតណាម ៣ ថ្ងៃកន្លងមកនេះ ភ្ញៀវទេសចរទៅលេងខេត្តព្រះសីហនុ ថយចុះជាងឆ្នាំមុន !
ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំប្រពៃណីចិន -វៀតណាម ឆ្នាំ ២០១៩ នេះ ភ្ញៀវទេសចរទៅលេងខេត្តព្រះសីហនុមានការថយចុះជាងឆ្នាំ ២០១៨ កន្លងទៅ គឺថយចុះរហូតដល់ទៅ ៣៤,០៩% ដែលចំនួននៃការថយចុះនេះ បានធ្វើឱ្យអ្នកតាមដានសង្គមមួយចំនួនមានការព្រួយបារម្ភជាខ្លាំង ។ ហើយចំនួនភ្ញៀវទេសចរថយចុះនេះគឺភ្ញៀវទេសចរជាតិ ប៉ុន្តែសម្រាប់ភ្ញៀវទេសចរអន្តរជាតិមានការកើនឡើងវិញ ។
បើយោងតាមរបាយការណ៍របស់មន្ទីទេសចរណ៍ខេត្តព្រះសីហនុបានឱ្យដឹងថា នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាមឆ្នាំ ២០១៩ នេះ ភ្ញៀវទេសចរទៅលេងខេត្តព្រះសីហនុមានការថយចុះជាងឆ្នាំ ២០១៨ កន្លងទៅ គឺថយចុះរហូតដល់ទៅ ៣៤,០៩% ។ ក្នុងនោះ រយៈពេល ០៣ ថ្ងៃ គឺចាប់ពីថ្ងៃទី៤-៦ ខែកុម្ភៈ មានភ្ញៀវប្រមាណជា ៥៨ ០០០ នាក់ មានការថយចុះប្រមាណជា ៣៤,០៩% ។ ក្នុងនោះភ្ញៀវជាតិមានចំនួន ៤៥ ៥០០ នាក់ ថយចុះ ៤២,៤៤ % ។ ចំណែកភ្ញៀវអន្តរជាតិមានប្រមាណជា ១២ ៥០០ នាក់ មានការកើនឡើង ៣៩,៦៦% ។
លោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុបានឱ្យដឹងថា ភ្ញៀវដែលចូលមកខេត្តព្រះសីហនុ បានទៅលេងនៅតាមតំបន់ទេសចរណ៍នានា មានដូចជាតំបន់ឆ្នេរខ្សាច់ តំបន់កោះ និង រមណីយដ្ឋានធម្មជាតិដែលមានក្នុងខេត្តព្រះសីហនុ ៕
ដោយ ៖ ចំណូល