ទស្សនាទិដ្ឋភាពសត្វប្រចៀវហើរចេញពីភ្នំសំពៅនាថ្ងៃបាក់រសៀល ពិតជាប្លែកភ្នែក !
ភ្នំសំពៅ គឺជារមណីដ្ឋានទេសចណ៍ ធម្មជាតិមួយ ដ៏បេញនិយមមួយនៅក្នុងខេត្តបាត់ដំបង ដែលមានទីតាំងស្ថិតនៅក្នុង ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។ ភ្នំសំពៅ មានកម្ពស់ ១០០ ម៉ែត្រ ដែលមានចម្ងាយ ១២ គីឡូម៉ែត្រ ពីក្រុងបាត់ដំបង ។
នៅលើភ្នំសំពៅនេះ មានវត្តអារ៉ាម ល្អាង និងទីតាំងធម្មជាតិជាច្រើន ដែលកំពុងទាក់ទាញភ្ញៀវទេសចរណ៍ ។ ក្នុងចំណោមទីតាំងធម្មជាតិលើភ្នំសំពៅនេះ ល្អាងប្រចៀវ គឺជាចំណុចទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិ ច្រើនជាងគេនាពេលបច្ចុប្បន្ននេះ ។
លោក អ្នកនាង អាចធ្វើដំណើរតាមផ្លូវជាតិលេខ ៥៧ អតីតផ្លូវជាតិលេខ ១០ ចេញពីក្រុងបាត់ដំបងចម្ងាយ ១២ គីឡូម៉ែត្រ នឹងបានទៅដល់ទីតាំងភ្នំសំពៅ ។ នៅទីនោះលោកអ្នកនាង ប្រាកដជាឮសំឡេងទ្រហឹង អឺងកងរបស់សត្វប្រចៀវ រាប់លានក្បាលនៅក្នុងល្អាង នៅលើភ្នំសំពៅនេះ។
សត្វប្រចៀវតែងតែហើរ ចេញពីល្អាង នៅម៉ោង ៦ ល្ងាចជារៀងរាល់ថ្ងៃ ដោយធ្វើដំណើរទៅកាន់តំបន់ព្រៃជុំវិញបឹងទន្លេសាប ដើម្បីចាប់សត្វល្អិតជាចំណីអាហារ ដូចជាសត្វមូស សត្វមមាច និង សត្វល្អិតដែលបំផ្លាញទិន្និផលកសិកម្មជាដើម ហើយវាវិលមកវិញនៅពេលព្រឹកព្រលឹម ។
តាមការបង្ហាញពីមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានឱ្យដឹងថា នៅទីនោះមានសត្វរហូតដល់ ២លានក្បាល ។ ហើយទិដ្ឋភាពហើរជាហ្វូងរបស់សត្វប្រចៀវនៅភ្នំសំពៅនេះ វាក៏ជាចំណែកមួយជួយទាក់ទាញភ្ញៀវទេសចរជាតិ និង អន្តរជាតិរាប់រយនាក់ក្នុងមួយថ្ងៃៗ ដែលអង្គុយរងចាំទស្សនាសត្វប្រចៀវនៅទីនេះ ហើយវាក៏បានរួមចំណែកការផ្ដល់ចំណូលដល់ប្រជាពលរដ្ឋ ដែលប្រកបរបរលក់ដូរចំណីរអាហារនៅទីនោះផងដែរ ។
សត្វប្រចៀវនៅប្រទេសកម្ពូជា ត្រូវបានគេរកឃើញមានចំនួន ១៣ សំបុក ដែលមានសត្វប្រចៀវសរុបចំនួន ៦,៥ ជាងលានក្បាល ដោយក្នុងនោះសំបុកសត្វប្រចៀវនៅភ្នំសំពៅនេះ មានចំនួនច្រើនជាងគេ ៕
ដោយ៖សុថាត់