គយគន់ប្រាសាទនាគបួស នៅស្រុកជាំក្សាន្ត(វីដេអូ)
ប្រាសាទនាគបួស ឬ អ្នកបួស មានឈ្មោះដើម ច័ន្ទគិរី មានទីតាំងនៅលើកូនភ្នំ ជិតជើងភ្នំដងរែក នៅក្នុង ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ប្រាសាទនេះស្ថិតនៅកណ្តាលព្រៃ នៅលើកូនភ្នំមួយ ដើម្បីឧទ្ទិសថ្វាយដល់ព្រហ្មណ៍សាសនា ។
ប្រាសាទនាគបួស សាងសង់បែរមុខទៅទិសខាងត្បូង ឃើញមានជណ្ដើរឡើងចំនួន ១១កាំ ទទឹងមានប្រវែងប្រហែល ១០០ម៉ែត្រ បណ្ដោយប្រហែល ៣០០ម៉ែត្រ ប្រាសាទនេះគឺជាក្រុមប្រាសាទ មានប៉មតូចៗ ចំនួន ៨ នឹងប្រាង្គខ្ពស់មួយ ហើយមានប្រាសាទនៅខាងក្រៅកំពែងផ្សេងទៀតផងដែរ ។ប្រាសាទនេះសាងសង់អំពី ឥដ្ឋ ថ្មបាយក្រៀម និង ថ្មភក់ ដែលត្រូវបានសាងសង់ចាប់ពីសតវត្សទី ៧ នឹងបន្តសាងសង់ដល់សតវត្សទី ១១ នៃ គ.ស វាគឺជាកន្លែងមូលដ្ឋានសហគមន៍មួយនៅសម័យបុរេអង្គរ ។
ប្រាសាទនាគបួស មានសិលាចារឹកចំនួន ៩ ផ្ទាំង ត្រូវបានសិក្សាដោយលោក ប៉ាម៉ង ទីយេ លោក ឡាហ្សង់ គីយ្យា លោក អៃម៉ូនីញ៉េ និង លោក បាក អស់រយ:ពេលជិតមួយសតវត្សមកហើយ ចុងក្រោយបំផុត សិលាចារឹកដ៏សំខាន់ទាំង ៩ ផ្ទាំងនោះ ត្រូវបានបកប្រែជាបន្តបន្ទាប់ ជាពិសេសសិលាចារឹក K. ៣៤១ បកប្រែដោយលោក ហ្ស័ក សឺដេស បកប្រែនៅឆ្នាំ ១៩៥៤ សិលាចារឹកចំនួន ៨ ផ្ទាំងនៅនឹងប្រាសាទ មួយផ្ទាំគេយកទៅរក្សាទុកនៅឯសារមន្ទីរជាតិភ្នំពេញ៕
ដោយ៖សុថាត់ (ប្រភពៈPreah Vihear Temple Guide រូបថត Tot Seyla Nicee)